វីដេអូមួយដែលទើបត្រូវបានបែកធ្លាយកាលពីពេលថ្មីៗនេះ បានធ្វើឲ្យអ្នកលេងអុីនធើរណែត ពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ខណៈបានឃើញបុរសម្នាក់ ធ្វើការផ្នែកចុងភៅនៃភោជនីយដ្ឋានមួយកន្លែង នៅក្នុងទីក្រុងសេអ៊ូល បានយកជើងត្រាំត្រដុសលាងជាមួយមើមឆៃថាវ នៅក្នុងចានកន្ធុន ដែលឃើញហើយពិតគួរឲ្យខ្ពើមរអើមខ្លាំងណាស់។
នេះបើតាមសារព័ត៌មានភាសាកូរ៉េមួយ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ឲ្យដឹងថា បុរសធ្វើការផ្នែកចុងភៅម្នាក់ បានដុសលាងមើមឆៃថាវ ខណៈយកជើងត្រាំនៅក្នុងចានកន្ធុន ដោយបានយកស្បៃ ដែលប្រើសម្រាប់លាងសម្អាតឆៃថាវ យកមកជូតក្អែលកែងជើងរបស់គាត់ជាញឹកញាប់ នៅក្នុងនោះតែម្តង។
ខណៈពេលនោះផងដែរ គេក៏បានឃើញស្រ្តីម្នាក់ កំពុងឈរមើលបុរសនោះ ប៉ុន្តែ នាងហាក់មិនមានការភ្ញាក់ផ្អើល ឬរារាំងសកម្មភាពដ៏គួរឲ្យខ្ពើមរអើមនេះនោះទេ។
តែយ៉ាងណាមិញ ក្រោយកើតមានករណីនេះឡើង ក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថរបស់កូរ៉េ ក៏បានចេញមកបញ្ជាក់ថា វីដេអូនេះត្រូវបានថតនៅឯភោជនីយដ្ឋានមួយកន្លែងនៅ Seocho-gu ក្នុងទីក្រុងសេអ៊ូល។
ក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថ (MFDS) បាននិយាយថា «ទាក់ទងវីដេអូ បង្ហាញភោជនីយដ្ឋានដ៏គ្មានអនាម័យនេះ ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមថ្មីៗនេះ យើងបានកំណត់អត្តសញ្ញាណអាជីវកម្មនេះហើយ និងក៏បានធ្វើការត្រួតពិនិត្យនៅថ្ងៃទី២៧ ខែកក្កដា ផងដែរ។
លទ្ធផលនៃការត្រួតពិនិត្យនៅនឹងកន្លែង ក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថ បានរកឃើញការរំលោភបំពានមួយចំនួន លើច្បាប់អនាម័យម្ហូបអាហារ ដែលក្នុងនោះរួមមាន៖ ការប្រើប្រាស់វត្ថុធាតុដើមហួសកាលបរិច្ឆេទផុតកំណត់ ដើម្បីរក្សាទុកសម្រាប់គោលបំណងចម្អិនអាហារ និងរំលោភលើស្តង់ដារផ្ទុកអាហារកក ជាដើម។
តាមរយៈការពិន័យផ្នែករដ្ឋបាល ក្រសួងបានសម្រេចធ្វើការផ្អាកអាជីវកម្មនេះ រយៈពេល១ខែ៧ថ្ងៃ និងអាចត្រូវបានរួមបញ្ចូលការដាក់ពន្ធនាគារ ៣ ឆ្នាំ ឬពិន័យជាប្រាក់ ៣០ លានវ៉ុន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង