ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែសីហា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រកាសបើក យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យអាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ។ ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេងៗ និងយុវវ័យ នឹងធ្វើឡើងនៅវិមានសន្តិភាព។

ជាមួយនឹងការប្រកាសបើកយុទ្ធនាការនេះ ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ ក្នុងការនាំកូនៗទៅចាក់វ៉ាក់សាំងនោះ សម្តេចតេជោនាយកនាយករដ្ឋមន្ត្រី ក៏នឹងនាំចៅៗរបស់សម្តេចប្រមាណ ១១នាក់ ដែលមានអាយុពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ ទៅចាក់វ៉ាក់សាំងផងដែរ។
ក្រៅតែពីចៅៗរបស់សម្តេចហើយនោះ ចៅៗរបស់ថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់របស់រាជរដ្ឋាភិបាលដទៃទៀត ក៏នឹងចាប់ផ្តើមចាក់វ៉ាក់សាំងនៅព្រឹកនេះផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ




