ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១ ខែសីហា វ៉ាក់សាំងចិនស៊ីណូហ្វាម ចំនួន១លានដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ជូនរាជរដ្ឋាភិបាលកម្ពុជា បានមកដល់រាជធានីភ្នំពេញ។ នេះជាជំនួយវ៉ាក់សាំងលើកទី៥ របស់ភាគីចិន ជូនមកកម្ពុជា។ រហូតមកដល់ពេលនេះ ចំនួនវ៉ាក់សាំង ដែលជាជំនួយរបស់ចិន ជូនមកកម្ពុជាមានចំនួនសរុប៣.២លានដូស។នេះបើតាមការប្រកាសព័ត៌មានរបស់ស្ថានទូតចិន ប្រចាំកម្ពុជា។

ស្ថានទូតចិន បានបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដមក ចិននិងកម្ពុជាបានជួយគ្នាទៅវិញទៅមក និងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ បង្កើតបានជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺវីរុសក្នុងសហគមន៍អន្តរជាតិ។ ចាប់តាំងពីដើមឆ្នាំ២០២១នេះ ចិនបានផ្តល់វ៉ាក់សាំងកូវីដដល់កម្ពុជាសរុប១៨.៧លានដូស ក្នុងនោះ៣.២លានដូសជាជំនួយឥតសំណង និង១៥.៥លានដូសជាការបញ្ជាទិញរបស់ភាគីកម្ពុជា។ ក្នុងពេលឆាប់ៗនេះ ភាគីចិននឹងផ្តល់ជំនួយជាសម្ភារៈបន្ទាន់ ជូនភាគីកម្ពុជាសម្រាប់កិច្ចទប់ស្កាត់ជំងឺវីរុស ដែលមានតម្លៃសរុបជាង២០លានយ័ន ក្នុងនោះរួមមានម៉ាស៊ីនអុកស៊ីសែនសម្រាប់វេជ្ជសាស្រ្ត ម៉ាស៊ីនជំនួយដកដង្ហើម និងសម្លៀកបំពាក់ការពារជាដើម ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស។
ចិននិងកម្ពុជា គឺជាបងប្អូនល្អប្រៀបដូចដៃនិងជើង និងជាមិត្តភក្តិល្អក្នុងសហគមន៍វាសនារួម។ ភាគីចិននឹងបន្តធ្វើជាកម្លាំងគាំទ្រយុទ្ធសាស្ត្រដ៏រឹងមាំ និងជាបង្អែកយុទ្ធសាស្ត្រវ៉ាក់សាំងសម្រាប់កម្ពុជា និងគាំទ្រមិនងាករេដល់កិច្ចការងារប្រយុទ្ធប្រឆាំងជំងឺវីរុសនៅក្នុងកម្ពុជា។ ដរាបណាជំងឺវីរុសកូវីដនៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ





