ភ្នំពេញ ៖ នេះជាការតស៊ូមួយ ដែលមិនអាចនិយាយថា ព្រមចុះចាញ់ឡើយ។ ទោះធ្លាប់បរាជ័យទី បំផុត នាងអាចយកឈ្នះគេឯង រហូតធ្វើឲ្យមហាជនទទួលស្គាល់ពីសមត្ថភាព។

កម្មវិធីប្រកួតបវរកញ្ញាឆ្លាតវៃ ឬ Miss Wisdom 2021 បានរកឃើញម្ចាស់មកុដជាផ្លូវការហើយ ដោយកញ្ញាឯកមកពីខេត្តបាត់ដំបង ជាអ្នកគ្រងមកុដដ៏អស្ចារ្យនេះ។ នាងក៏នឹងក្លាយជាតំណាងរបស់កម្ពុជា ទៅប្រកួតនៅក្នុងប្រទេសវៀតណាម នាពេលខាងមុខផងដែរ។
កញ្ញាឯក ដែលទទួលបានចំណាត់ថ្នាក់លេខ១ ឬ ជាម្ចាស់មកុដនេះ គឺកញ្ញា ហុក សារិតុលា អាយុ១៩ឆ្នាំ កម្ពស់១.៧០ និង ទម្ងន់ ៤៩គីឡូក្រាម។ នាងបានឈ្នះមកុដដោយសារតែពូកែឆ្លើយសំណួរ ជាភាសាអង់គ្លេស និង ដោយសារតែនាងក្លាហាន និង ភាពស្រស់ស្អាត។ ជ័យជម្នះរបស់នាង ក៏កើតចេញពីការប្រឹងប្រែង ដ៏ស្វិតស្វាញតាំងពីដំណាក់កាលដំបូង រហូតដល់វគ្គចុងបញ្ចប់ផងដែរ។ នេះជាកម្មវិធីដែលទទួលសិទ្ធិរៀបចំដោយ ក្រុមហ៊ុនមហាហង្ស ក្រោមការរៀបចំរបស់លោក អ៊ិន សុភិន ដែលជាអ្នករៀបចំការប្រកួត Miss Grand Cambodia កាលពីឆ្នាំ២០២០ នាពេលកន្លងទៅ។
លោកក៏នឹងគ្រោងយកបេក្ខនារី ជាអ្នកឈ្នះនេះ ចេញទៅប្រកួតនៅវៀតណាមផងដែរ ប្រសិនបើនាងគោរពតាមលក្ខខណ្ឌ ដែលគ្មានការដោះដូរ៕ រក្សាសិទ្ធិដោយ៖សំណាងSV













