ភ្នំពេញ ÷ យុវជនម្នាក់ជិះម៉ូតូម៉ាកឡែតមួយគ្រឿង លឿនពេកមិនប្រយ័ត្ន បានជ្រុលទៅបុកសត្វឆ្កែ បណ្ដាលឱ្យដួលអូសទៅមុខជាច្រើនម៉ែត្រ ចូលក្រោមកង់រថយន្ត កិនស្លាប់យ៉ាងអាណោចអាធ័ម ចំណែកឯរថយន្តបន្តបើកទៅមុខបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៧ និង២០នាទីយប់ថ្ងៃអាទិត្យទី១ ខែសីហា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចំណុចមុខវត្តទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះហៅក្រៅថា រ៉ូ ភេទប្រុស អាយុ២០ឆ្នាំជាង មានប្រពន្ធ និងកូន១ មានមុខរបរខាងបើកគ្រឿងចក្រអាអ៊ិចកាយដី មានស្រុកកំណើតនៅខេត្តកំពង់ចាម។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ ជិះម៉ូតូម៉ាកឡែតមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1J -8024 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជ្រុលទៅបុកសត្វឆ្កែ កំពុងដើរនៅនឹងថ្នល់ បណ្តាលឲ្យដួលអូសទៅមុខ ស្របពេលរថយន្តបែនដឹកដីមួយគ្រឿង មិនចាំផ្លាកលេខ នៅពីខាងមុខ បានជ្រុលចូលក្រោមកង់កិនស្លាប់ នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់មកបានពលរដ្ឋ នៅកន្លែងកើតហេតុ បានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យភ្លាមៗ។

ក្រោយពេលសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏បានទំនាក់ទំនង ទៅសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅស្រុកកំណើតតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សា មេត






