Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះបីវិបត្តិ នៃការរីករាលដាល ជំងឺកូវីដ១៩ កម្ពុជា នៅតែទាក់ទាញការវិនិយោគថ្មីៗ បន្ថែមទៀត

ភ្នំពេញ ៖ ការអនុម័តគម្រោងវិនិយោគថ្មីៗ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានបង្ហាញថា ទោះបីកម្ពុជា ជួបប្រទះនូវវិបត្តិនៃជំងឺកូវីដ១៩ ប៉ុន្តែកម្ពុជា នៅតែទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត។

ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារ និងយុវវ័យ ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា បើទោះបីកម្ពុជាមានការរីករាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅតែមានការអនុម័តនូវគម្រោងវិនិយោគថ្មីៗមិនដាច់។

ក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះ CDC បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិត កម្មចំនួន ៨៧គម្រោង ដែលមានទុនវិនិយោគ សរុបចំនួន២ ៩៦៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥០ ០២៩កន្លែង ។ CDC បានឱ្យដឹងទៀតថា ក្នុងខែកក្កដា ឆ្នាំ២០២១នេះ CDC បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៨ ដែលមានទុនវិនិយោគសរុបចំនួន ៧១.៤លានដុល្លារ និងអាចបង្កើតបានការងារថ្មីរាប់ពាន់កន្លែងទៀតផង។

គម្រោងវិនិយោគរថ្មីៗ ដែល CDC បានអនុម័ត ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ប្រទេសចិនបានឈរនៅលំដាប់លេខរៀងទី១ ដែលជាប្រទេសបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ហើយទឹកប្រាក់ដែលចិន បានវិនិយោគ មានប្រមាណ២ពាន់លានដុល្លារ។ បាយការណ៍បានបញ្ជាក់ថា តួលេខវិនិយោគមកពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី១ ដោយចូលរួមចំណែកប្រមាណ៦៩% នៃការវិនិយោគសរុបក្នុងឆមាសទី១ ឆ្នាំ២០២១ ខណៈដែលការវិនិយោគក្នុងស្រុក បានឈរនៅលំដាប់លេខរៀងទី២ ដោយចូលរួមចំណែកប្រមាណ ២១% នៃការវិនិយោគសរុប។

ប្រទេសឈរលេខ៣ គឺប្រទេស Cayman Islands ចំនួន៣.៣៦% (ប្រមា ណ៩៩លានដុល្លារ) នៃការវិនិយោគសរុប, លេខ៤ ប្រទេស Ritisgh Virgin Islands ចំនួន២.៣៧% (ប្រមាណ៧០លានដុល្លារ) នៃការវិនិយោគសរុប, ថៃ ឈរលេខរៀងទី៥ ចំនួន១.៧៧% (ប្រមាណ៥២លានដុល្លារ) នៃការវិនិយោគសរុប, សិង្ហបុរី ឈរលេខរៀងទី៦ ចំនួន០.៦៨% (ប្រមាណ២០លានដុល្លារ) នៃការវិនិយោគសរុប, កូរ៉េខាងត្បូង ឈរលេខរៀងទី៧ ចំនួន០.៦៧% (ប្រមាណ១៩លានដុល្លារ) នៃការវិនិយោគសរុប។

ម៉ាឡេស៊ី ឈរលេខរៀងទី៨ ដែលវិនិយោគមកកាន់កម្ពុជាចំនួន០.៥៦% (ប្រមាណ១៦លានដុល្លារ) នៃការវិនិយោគសរុប, សហរដ្ឋអាមេរិកឈរលេខរៀងទី៩ ចំនួន០.៣២% (ប្រមាណ៩លានដុល្លារ) នៃការវិនិយោគសរុប និងប្រទេសសាម័រ ឈរលេខរៀងទី១០ ចំនួន០.១៣% (ប្រមាណ៣លានដុល្លារ) នៃការវិនិយោគសរុបនៅកម្ពុជា៕
រក្សាសិទ្ធិដោយ៖CEN

×