ភ្នំពេញ ៖ ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំដល់ ១៧ឆ្នាំ នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើឡើងថា ថ្ងៃនេះ យើងបានបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ ដែលបញ្ហានេះមិនមែនជាការចៃដន្យនោះទេ គឺយើងបានគិតគូរយ៉ាងច្បាស់លាស់ ហ្មត់ចត់ ទម្រាំយើងបើកយុទ្ធនាការនៅថ្ងៃនេះ, ហើយដើរទន្ទឹមគ្នាជាមួយយុទ្ធនាការ ដែលយើងកំពុងបន្តធ្វើលើមនុស្សពេញវ័យចាប់ពី១៨ឆ្នាំឡើងទៅ។

ការចាក់វ៉ាក់សាំងដល់កុមារថ្ងៃនេះ គឺជាជំហ៊ានដ៏សំខាន់ ដើម្បីឲ្យមានភាពសុំានៅក្នុងសហគមន៍ ដែលយើងធ្លាប់និយាយជាហូរហែមកថា កុមារជាទំពាំងស្នងឫស្សី តែបើកុមារខូចខាតសុខភាព ចាប់ពីពេលនេះ យើងពុំមានឫស្សីដែលល្អនោះទេ។ ក្នុងពេលដែលកើតមាននូវបញ្ហា នៃការរីករាលដាលនៃជំងឺកូវីដ-១៩ កម្ពុជាបានរងផលប៉ះពាល់យ៉ាងធ្ងន់ លើវិស័យអប់រំ ធនធានមនុស្ស ដូច្នេះ ការធ្វើឲ្យមានភាពស៊ាំនៅក្នុងសង្គមលើកុមារ និងយុវវ័យ តាមរយ:ចាក់វ៉ាក់សាំង គឺជាភាពចាំបាច់ សម្រាប់រក្សាធនធានមនុស្សទៅថ្ងៃក្រោយ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN







