ភ្នំពេញ ៖ ស្ដីពីវិស័យទេសចរណ៍ ដែលជាវិស័យរកប្រភពចំណូលធំមួយ សម្រាប់ប្រទេសកម្ពុជា , សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា «នៅពេលដែលកម្ពុជាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្របដណ្តប់នៅទូទាំងប្រទេសហើយនោះ យើងនឹងធ្វើឲ្យវិស័ទេសចរណ៍បើកដំណើរការឡើងវិញ, រីឯវ៉ាក់សាំង ខ្ញុំនៅតែឱ្យគេស្វែងរកជាបន្តជាបន្ទាប់ ដើម្បីចាក់ទៅលើក្មេងអាយុ ១០-១១ឆ្នាំថែមទៀត ឲ្យបាន ១៣លាននាក់ ស្មើនឹង៨១ភាគរយ ដែលនៅពេលនោះ អាចបើកសាលារៀនក៏បាន បើកសេដ្ឋកិច្ចឡើងវិញ ព្រោះវាទៅជាជំងឺផ្តាសាយធម្មតា , ម្យ៉ាងស្ថានភាពគ្រប់យ៉ាងក្នុងសង្គម វាទៅជាភាពស៊ាំ ដែលអាចថាប្រជាពលរដ្ឋរស់នៅ តាមបែបគន្លងថ្មីជាមួយកូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនក្មេង និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ដោយសម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរស់នៅតាមបែបគន្លងថ្មី គឺរៀនរស់ជាមួយជំងឺកូវីដ-១៩ ដោយការប្រយុទ្ធ និងទប់ស្កាត់។
សម្ដេច បានមានប្រសាសន៍ថា សម្រាប់ខ្ញុំជឿថា ជំងឺកូវីដ-១៩មិនចប់ឆាប់ៗនេះទេ អ៊ីចឹង ជម្រើសដែលនៅសល់ មានតែវិធីរៀនរស់ជាមួយកូវីដតាមគន្លងថ្មី ដោយចាស់បត់បែន របៀបប្រយុទ្ធ និងទប់ស្កាត់, ហើយជំងឺនេះអាចដូចផ្ដាសាយអេស្ប៉ាញ ដែលបច្ចុប្បន្នបន្ដនៅមានជំងឺផ្ដាសាយធំ, រៀនរស់ទៅតាមគន្លងថ្មី របៀបលាងដៃ របៀបពាក់ម៉ាស់ នេះ គឺជារបៀបដែលត្រូវការ»។ សូម្បីតែខ្ញុំខ្លួនឯង នៅពេលនេះ ក៏ចាប់ផ្ដើមកែប្រែរបៀបនៃការរស់នៅ និងធ្វើការងារមួយចំនួនផងដែរ ទៅតាមបែបគន្លងថ្មី៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN









