Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ÷ សេដ្ឋកិច្ចកម្ពុជា អាចកើន ២.៥ភាគរយ ប៉ុន្តែមិនខ្វះអង្ករច្រកឆ្នាំងនោះទេ ខណៈយើងមានប្រភពចំណូល៥ ទប់សភាពការណ៍

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានបង្ហាញថា បើទោះបីកម្ពុជារងនូវវិបត្តិរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅតែមានការអនុម័តនូវគម្រោងវិនិយោគថ្មីៗមិនដាច់ ហើយសម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាវិញ ដំបូងឡើយ ព្យាការណ៍ថា នឹងមានកំណើន ៤.១ភាគរយ នៅឆ្នាំ២០២១ ប៉ុន្តែការរំខានរបស់ជំងឺកូវីដ១៩ យើងព្យាករណ៍សេដ្ឋកិច្ចមកនៅត្រឹមតែ ២.៥ភាគរយប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសជាអធិបតី បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំដ ល់ ១៧ឆ្នាំនៅវិមានសន្តិភាព ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១, សម្ដេច បង្ហាញទៀតថា ក្នុងអំឡុងពេលជួបវិបត្តិនៃជំងឹកូវីដ-១៩នេះ សេដ្ឋកិច្ចរបស់កម្ពុជា ពឹងផ្អែកខ្លាំងទៅលើវិស័យកសិកម្ម , ហើយថា ទោះបីកម្ពុជាជួបវិបត្តិក្តី តែកម្ពុជាមិនបារម្ភពីការខ្វះខាតស្បៀងនោះទេ ពោលគឺ កម្ពុជាធ្វើយ៉ាងណា មិនឲ្យខ្វះអង្ករច្រកឆ្នាំង នោះឡើយ។

សម្តេចបញ្ជាក់ថា ការនាំចេញផលិតផលកសិកម្ម នៅរយៈពេលប៉ុន្មានខែដើមឆ្នាំនេះ មានកើនឡើងលើសការរំពឹងទុក ថ្វីដ្បិតតែការនាំចេញអង្ករមានការធ្លាក់ចុះបន្តិច ប៉ុន្តែការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាម និងទៅកាន់ប្រទេសអារ៉ាប់រួម មានកំណើនរហូតដល់ ២០០ភាគរយ។ ជាមួយគ្នានេះ ការនាំចេញគ្រាប់ស្វាយចន្ទី កើនឡើងជិត ៣០០ភាគរយ រួមទាំងការនាំចេញ ស្វាយ – ចេក ដែលសរុបនៃការនាំចេញទាំងអស់ មានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។

ក្រៅពីវិស័យកសិកម្ម សម្តេចតេជោ ហ៊ុន សែន មើលឃើញវិស័យឧស្សាហកម្មធុនតូច និងមធ្យម នៅតែជាចំណុចស្នូលក្នុងការជួយធ្វើឱ្យកំណើនសេដ្ឋកិច្ច ដែលទាមទារឲ្យរកវិធីក្នុងការជំរុញវិស័យនេះផងដែរ។

ដោយឡែកងាកមកវិស័យទេសចរណ៍វិញ ជាវិស័យរកប្រភពចំណូលធំមួយសម្រាប់ប្រទេសកម្ពុជា , សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា «នៅពេលដែលកម្ពុជាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្របដណ្តប់នៅទូទាំងប្រទេសហើយនោះ យើងនឹងធ្វើឲ្យវិស័ទេសចរណ៍បើកដំណើរការឡើងវិញ, រីឯវ៉ាក់សាំង ខ្ញុំនៅតែឱ្យគេស្វែងរកជាបន្តជាបន្ទាប់ ដើម្បីចាក់ទៅលើក្មេងអាយុ ១០-១១ឆ្នាំថែមទៀត ឲ្យបាន ១៣លាននាក់ ស្មើនឹង៨១ភាគរយ ដែលនៅពេលនោះ អាចបើកសាលារៀនក៏បាន បើកសេដ្ឋកិច្ចឡើងវិញ ព្រោះវាទៅជាជំងឺផ្តាសាយធម្មតា , ម្យ៉ាងស្ថានភាពគ្រប់យ៉ាងក្នុងសង្គម វាទៅជាភាពស៊ាំ ដែលអាចថាប្រជាពលរដ្ឋរស់នៅតាមបែបគន្លងថ្មីជាមួយកូវីដ-១៩ ដោយការចេះប្រយុទ្ធ និងទប់ស្កាត់។

និយាយពីប្រភពចំណូលសម្រាប់ការចំណាយរបស់រាជរដ្ឋាភិបាលវិញ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា កម្ពុជាមានប្រភពចំណូល៥ រួមមាន ÷

១- ចំណូលចរន្តក្នុង១ខែជាមធ្យមមានចំនួន ៤០០លានដុល្លារ ដែលអាចទ្រទ្រង់នូវការចំណាយ។ ដោយក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ ចំណូលគយ និងពន្ធដារ ទទួលបានចំនួន ៣០៦១លានដុល្លារអាមេរិក។ ទោះជាកម្ពុជាជួបវិបត្តិកូវីដ-១៩ ក្តី ក៏កម្ពុជាមិនស្នើសុំដល់ម្ចាស់ជំនួយសុំពន្យារពេលសងនោះទេ យើងនៅតែបន្តសងធម្មតា ហើយនៅឆ្នាំនេះ កម្ពុជា ក៏មិនទាន់ចុះហត្ថលេខា លើហិរញ្ញប្បទានពីបរទេសនោះដែរ។

២- សាច់ប្រាក់សន្សំបានជាង ៣ពាន់លានដុល្លារ មុនពេលនៃការមកដល់នៃជំងឺកូវីដ-១៩ ដែលរហូតមកដល់ពេលនេះ រាជដ្ឋាភិបាល បានចាយអស់ជាង ១ពាន់លានដុល្លារ ទៅហើយ នៅសល់សាច់ប្រាក់ ២ពាន់លានដុល្លារ ទៀត គឺមិនបានទៅរំខានដល់ទុនបម្រុងអន្តរជាតិ ២០ពាន់លានដុល្លារ និងមាសរាប់សិបតោននោះទេ។

៣- ជាថិវកាឧបត្ថម្ភរបស់សប្បុរសជន ពិសេស ព្រះមហាក្សត្រ និងសម្តេចម៉ែ សម្រាប់ប្រើប្រាស់ប្រឆាំងកូវីដ-១៩ និងគ្រោះធម្មជាតិដោយទឹកជំនន់ផងដែរ ដែលរហូតមកដល់ពេលនេះទទួលជាង ១៤០លានដុល្លារ។

៤- ការគាំទ្រពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដែលទទួលបានជាជំនួយ រួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ, ធនាគារពិភពលោក (World Bank) , ធនាគារអឺរ៉ុប ផងដែរ ដែលជាផ្នែកមួយនៃថវិកាសម្រាប់អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច។

៥- ជំនួយទ្វេភាគីនៃប្រទេសជាមិត្តភក្តិ ដូចជា ប្រទេសចិន បានផ្តល់ជាសម្ភារបរិក្ខារពេទ្យ វ៉ាក់សាំង, ប្រទេសជប៉ុន ផ្តល់ជារថយន្ត ថ្នាំពេទ្យ សម្ភារបរិក្ខាពេទ្យ វ៉ាក់សាំង, សហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយ១១លានដុល្លារ បូករួមជាមួយវ៉ាក់សាំងជាង១លានដូស, ប្រទេសអង់គ្លេស ដែលនឹងផ្តល់វ៉ាក់សាំងដល់កម្ពុជា, អូស្ត្រាលី និងប្រទេសជិតខាងកម្ពុជា រួមមានវៀតណាម និងប្រទេសថៃផងដែរ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×