ប្រភពពី Reuters ឲ្យដឹងថា នៅថ្ងៃទី ២៧ មីនា សន្តិសុខនៅផ្ទះភ្ញៀវជាតិរបស់ចិន និងស្ថានីយ៍រថភ្លើងប៉េកាំង បានវិលត្រឡប់មកសភាពធម្មតាវិញ បន្ទាប់ពីខ្សែរថភ្លើងពិសេសពណ៌ខៀវដែលត្រូវបានចាត់ទុកថា ជាយានដឹកជញ្ជូនប្រតិភូជាន់ខ្ពស់របស់កូរ៉េខាងជើង មកទស្សនកិច្ចក្រុងប៉េកាំងបានចាកចេញពីប្រទេសចិន ។
ខ្សែរថភ្លើងពណ៌ខៀវអាចជាយានដឹកប្រតិភូជាន់ខ្ពស់កូរ៉េខាងជើងមកកាន់ក្រុងប៉េកាំង
មុននោះកាសែត Chosun Ilbo របស់កូរ៉េខាងត្បូង បានដកស្រង់សម្តីរបស់មន្ត្រីចារកម្មជាន់ខ្ពស់ម្នាក់ឲ្យដឹងថា ប្រតិភូជាន់ខ្ពស់ក្នុងនោះមានទាំងមេដឹកនាំកូរ៉េខាងជើង Kim Jong Un បានត្រឡប់ទៅក្រុងព្យុងយ៉ាងវិញហើយ។
កាសែតកូរ៉េខាងជើងផ្សេងមួយទៀត គឺ Hankyoreh ក៏បានផ្សាយថា លោក Kim Jong Un មកកាន់ក្រុងប៉េកាំងដើម្បីមកជួបប្រធានរដ្ឋចិនស៊ី ជិនពៀន។
មន្ត្រីកូរ៉េខាងត្បូងឲ្យដឹងថា វិមានប្រធានាធិបតីនៃប្រទេសនេះកំពុងតាមដានយ៉ាងម៉ត់ចត់នូវការថ្លែងការណ៍ពីក្រុងប៉េកាំង ហើយក៏បានព្យាករណ៍ពីលទ្ធភាពគ្រប់យ៉ាងអាចកើតឡើង។
ទោះយ៉ាងណាក្រសួងការបរទេសចិនមកទល់ពេលនៅមិនទាន់បញ្ជាក់ពីដំណើរទស្សនកិច្ចរបស់លោក Kim Jong Un ឬក៏ប្រតិភូតំណាងកូរ៉េខាងជើងណាមួយឡើយ។
រូបភាពមួយចំនួនតាមរយៈឃ្លីប បង្ហាញឲ្យឃើញថា មេដឹកនាំកូរ៉េខាងជើង Kim Jong Un ពិតជាបានទៅទស្សនកិច្ចប្រទេសចិនដោយផ្ទាល់ ៕ សូយន