CAMSOC-ភ្នំពេញ ៖ លោក ខេស៊ី បាណេត នាយកវិទ្យាស្ថាន CamEd Business School និងជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា មានប្រសាសន៍ថា ជាគោលដៅ គឺសហព័ន្ធកីឡាចំបាប់កម្ពុជា ធ្វើយ៉ាងណាបន្តការខិតខំរក្សាចំនួនមេដាយ ក្នុងស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាម ដូចក្នុងស៊ីហ្គេម ប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៩ ដែលចំនួនមេដាយនេះមិនដល់ចំនួន មេដាយ ស៊ីហ្គេម ឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ានោះទេប៉ុន្តែលោកប្តេជ្ញាចិត្តថា សហព័ន្ធនឹងប្រឹងប្រែងឲ្យការប្រកួតប្រជែងមេដាយ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាឲ្យឈានដល់ចំនួនមេដាយមាស ដូចស៊ីហ្គេម ឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ា ដែលឈ្នះមេដាយមាសចំនួន៤គ្រឿង និងមេដាយប្រាក់-សំរឹទ្ធ សរុបចំនួន១១គ្រឿង។
នេះជាការលើកឡើងរបស់លោក ខេស៊ី បាណេត នៅក្នុងពិធីប្រគល់ស្បែកជើង ដើម្បីបម្រើដល់ការហ្វឹកហាត់ របស់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកីឡាចំបាប់កម្ពុជា នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ នៅវិទ្យាស្ថាន CamEd Business School ដែលទទួលតំណាងដោយលោក ធិន វិចិត្រ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជា។
អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជារូបនេះមានប្រសាសន៍ថា នេះជាការប្រគល់ជូនស្បែកជើងចំនួន៣៧គូ ដែលជាផលិតផលល្អ របស់សហរដ្ឋអាមេរិក ដើម្បីជួលដល់ការហ្វឹកហាត់ដល់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាបង្កើនគុណភាពបច្ចេកទេស សម្រាប់ត្រៀមចូលរួមប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាឆ្នាំ២០២២ ខាងមុខ។

លោកដាក់ក្តីសង្ឃឹមថា តាមរយៈការផ្គត់ផ្គង់នូវ សម្ភារហ្វឹកហាត់លើកនេះបន្ថែមទៀតនេះ នឹងជួយសម្រួលដល់ការហ្វឹកហាត់ របស់ក្រុមជម្រើសជាតិកីឡាចំបាប់កម្ពុជាឲ្យតែល្អប្រសើរបន្ថែមទៀត ហើយប្រភេទស្បែកជើងទាំងនេះ ក៏មានអត្តពលិកប្រើប្រាស់ក្នុងការប្រកួតអូឡាំពិកផងដែរ។ ជាមួយនឹងការជំរុញបន្ថែម ការលើកទឹកចិត្តនេះ និងការខិតខំហ្វឹកហាត់របស់ក្រុមជម្រើសជាតិ អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជារូបនេះរំពឹងទុកថា កីឡាចំបាប់កម្ពុជានឹងមានក្តីសង្ឃឹមកាន់តែខ្ពស់ក្នុងការប្រកួតប្រជែងមេដាយ ក្នុងស៊ីហ្គេម នៅប្រទេសវៀតណាម ឆ្នាំ២០២២ ក៏ដូចជាការត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។
លោក ខេស៊ី បាណេត បញ្ជាក់ជូនថា បច្ចុប្បន្ន ក្រុមកីឡាចំាបាប់ហ្វឹកហាត់នៅតាមផ្ទះ ដោយពិនិត្យពីគ្រូងបង្វឹកតាមប្រព័ន្ធអនឡាញ ក្នុងបរិបទជំងឺកូវីដ-១៩នេះ ប៉ុន្តែការហ្វឹកហាត់បែបនេះមិនសូវទទួលបានផលលើផ្នែកបច្ចេកទេសនោះទេ ខណៈគូប្រកួតរបស់យើង គឺម្ចាស់ផ្ទះវៀតណាមកំពុងហ្វឹកហាត់លក្ខណៈប្រមូលផ្តុំ។ ទោះយ៉ាងនេះក្តី លោកចាត់ទុកថា ការពន្យាពេលស៊ីហ្គេម នៅប្រទេសវៀតណាម ពីចុងឆ្នាំ២០២១ ទៅអំឡុងពាក់កណ្តាលឆ្នាំ២០២២ គឺជាឱកាសល្អផងដែរ ក្នុងការហ្វឹកហាត់ត្រៀមខ្លួនឡើងវិញ របស់ក្រុមកីឡាចំបាប់កម្ពុជា ដោយក្រុមជម្រើសជាតិកីឡាចំបាប់ ក៏ដូចជាប្រភេទកីឡាកម្ពុជាផ្សេងៗទៀត នឹងត្រូវបានហ្វឹកហាត់លក្ខណៈប្រមូលផ្តុំបិទខ្ទប់ នាពេលខាងមុខ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ ស៊ីហ្គេម នៅប្រទេសវៀតណាម។
គ្រូបង្វឹកកីឡាចំបាប់ជនជាតិអ៊ីរ៉ង់ ទើបមកដល់កម្ពុជា ដែលត្រៀមបង្វឹកដល់កីឡាករ កីឡាការិនីជម្រើសជាតិកីឡាចំបាប់កម្ពុជា ហើយក្នុងនោះក្រុមចំបាប់កម្ពុជា ចំនួន១០រូបនឹងចេញទៅហ្វឹកហាត់នៅប្រទេសចិន ដើម្បីត្រៀមស៊ីហ្គេម ២លើកចំពោះមុខនេះ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ



