កំពង់ឆ្នាំង ៖ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី២ខែសីហានេះ បានឲ្យដឹងថា នៅថ្ងៃចន្ទ ទី២ ខែសីហា ឆ្នាំ២០២១ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង លោកបានចុះមកពិនិត្យ និងវាយតម្លៃការងារសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេស សុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩។

ក្រោយពីបានទទួលសំណាកក្លិន(VOC)អ្នកជម្ងឺកូវីដ១៩ចំនួន៤៨សំណាក ពីក្រុមការងារបច្ចេកទេស នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលសំណាកទាំង៤៨បានឆ្លងកាត់ត្រួតពិនិត្យPCR និងការបណ្តុះមេរោគ (cell culture) ដើម្បីធានាសុវត្ថិភាពសំណាកក្នុងការបម្រើការងារហ្វឹកហ្វឺន ក្រុមជំនាញសុនខស៊ីម៉ាក់ បានដំណេីរការហ្វឹកហ្វឺនសុនខហិតក្លិន អ្នកផ្ទុកវីរុសកូវីដ១៩នេះតាមផែនការ។
សូមអបអរសាទរចំពោះសុនខក្រុមទី១ ចំនួន៣ក្បាលដែលបានហិត រកឃើញក្លិនសំណាកនៃអ្នកជម្ងឺកូវីដ១៩ ប្រកបដោយជោគជ័យ ក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋមនេះ។
រីឯសុនខក្រុមទី២ ចំនួន៧ក្បាលទៀត កំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។

ជាលក្ខណ:បច្ចេកទេសសុនខ អាចហិតរកឃើញក្លិនសំណាក ក្នុងរយ:ពេលប្រមាណតែ១០-១៥វិនាទី។
ការប្រើប្រាស់សុនខហិត អ្នកផ្ទុកវីរុសកូវីដ១៩ មានប្រសិទ្ធភាពសម្រាប់ហ្វូងមនុស្សប្រមូលផ្តុំច្រើន ដូចជា ព្រលានយន្តហោះ ច្រកទ្វារអន្តរជាតិ និងពហុកីឡដ្ឋានជាដើម។
ជាមួយនេះដែរផ្អែកតាមអ្នកជំនាញ ឱ្យបានដឹងថា មិនទាន់មានភស្តុតាង ផ្លូវការណាមួយបញ្ជាក់ថា មានការឆ្លងវីរុសកូវីដ១៩ ពីមនុស្សទៅសុនខឡើយ។
សុំបញ្ជាក់ថា សុនខទាំងនេះ កើតនៅកម្ពុជា និងបានបង្វឹក ដោយគ្រូជំនាញសុនខកម្ពុជា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
















