ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ ដល់មន្ត្រីទាំងអស់ ត្រូវបម្រេីសេវាទូទៅ ជូនប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសលោក លោកស្រីស្នងការរងទទួលដឹកនាំតាមបណ្តាខណ្ឌ លោកអធិការ ខណ្ឌទាំង១៤ និងលោកនាយប៉ុស្តិ៍ទាំងអស់ ត្រូវតែយកចិត្តទុកដាក់ តាមដានព័ត៌មាន ត្រូវតែឆ្លេីយតប ដោះស្រាយបញ្ហាប្រឈម និងចាត់វិធានការជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័សបំផុត ២៤/២៤ម៉ោង ជាពិសេសត្រូវលេីកទូរស័ព្ទរបស់ប្រជាពលរដ្ឋ គ្រប់ពេលវេលា ។ បេីមន្ត្រីរូបណាមិនលេីកទូរស័ព្ទប្រជាពលរដ្ឋ សូមទាក់ទងមកលេខឯកឧត្តមស្នងការ : 012 203 777 , ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សលេខ : 069 516 999។

ប្រសាសន៍ខាលើនេះ របស់លោកឧត្តមសេនីយ៍ឯក ស ថេត ក្នុងកិច្ចប្រជុំប្រចាំខែកក្កដា និងទិសដៅការងារសម្រាប់ខែសីហា ឆ្នាំ២០២១ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ដោយក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ ជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
ជាកិច្ចបញ្ចប់ឯកឧត្តមស្នងការ បានណែនាំដល់ប្រធានអង្គភាព ត្រូវតែយកចិត្តតាមដានសុខភាព របស់មន្ត្រីក្រោមឱវាទ ជាប្រចាំ មន្ត្រីទាំងអស់ត្រូវកាត់សក់ខ្លីជានិច្ច សស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ។

ជាកិច្ចចាប់ផ្តេីម នៃកិច្ចប្រជុំលោកស្នងការររងទទួលផែន សេនាធិការ បានអានរបាយការណ៍ អំពីលទ្ធផលការងារ ដែលអនុវត្តបានក្នុងខែកក្កដា បញ្ហាប្រឈម និងដំណោះស្រាយផ្សេងៗ ដែលកេីតមានក្នុងការអនុវត្តការងារ នាពេលកន្លងមក ជាកិច្ចបន្តក៏មានការចូលរួមមតិ របស់លោកស្នងការរងទទួលផែនធនធានមនុស្ស ទាក់ទងទៅនឹងការគ្រប់គ្រងវត្តមានរបស់មន្ត្រីតាមបណ្តាអង្គភាព ការយកចិត្តទុកដាក់លេី ការផ្សព្វផ្សាយ ដល់មន្ត្រីក្នុងការថែរក្សាសុខភាព បង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ មតិចូលរួមរបស់ស្នងការរងទទួលផែនចរាចរណ៍ ទាក់ទងទៅនឹងការអនុវត្តរឹតបន្តឹងចរាចរណ៍ និងមតិចូលរួមរបស់លោកស្នងការរង ទទួលផែនសណ្តាប់ធ្នាប់ ទាក់ទងទៅនឹងការចុះរៀបចំ សណ្តាប់ធ្នាប់តាមគោលដៅនានា ជាពិសេសតាមគោលដៅជុំវិញផ្សារ ដេីម្បីរៀបចំឲ្យមានសណ្តាប់ល្អ កាត់បន្ថយការកកស្ទះ និងធ្វេីឲ្យមានសោភ័ណភាពល្អ។

បន្ទាប់ពីការចូលរួមមតិរបស់លោក លោកស្រីស្នងរងរួច លោកស្នងការ ក៏បានកោតសរសេីរ ដល់កងកម្លាំងទាំងអស់ ដែលបានខិតខំលះបង់ បំពេញភារកិច្ចជូនជាតិ ជូនអង្គភាព ជាពិសេសបម្រេីប្រជាពលរដ្ឋ ទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចនឿយហត់ឡេីយ ដូចជាការល្បាតដេីម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ការការពារប្រតិភូជាតិ អន្តរជាតិ ជាពិសេសការអនុវត្តបម្រាមគោចរ នៅពេលយប់រយ:ពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង ៩និង០០នាទីយប់ ដល់ម៉ោង ៣និង០០នាទីទៀបភ្លឺ ក៏ដូចជាការខិតខំបម្រេីសេវា ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសេីរ៕ រក្សាសិទ្ធិដោយ៖ចេស្តារ




