ភ្នំពេញ ៖ លោកដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងសារលើផេកហ្វេសប៊ុក នៅថ្ងៃទី២ខែសីហានេះថា ក្នុងស្ថានភាពដែលកូវីដ-១៩ កំពុងរាតត្បាតនៅទូទាំងពិភពលោក គឺមិនត្រឹមតែធ្វើឲ្យមានសោកនាដកម្មលើជីវិតមនុស្សទេ ប៉ុន្តែវាកំពុងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចពិភពលោក។ ទន្ទឹមនឹងនេះកូវីដ-១៩ ក៏កំពុងរំខាន និងប៉ះពាល់យ៉ាងខ្លាំង ដល់ការលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា។

លោកដួង តារា បានបញ្ជាក់ថា ក្នុងស្ថានភាពសព្វថ្ងៃ អ្នកវិនិយោគគិនចិន មិនត្រូវរង់ចាំតែវិស័យមួយ ឬពាណិជ្ជកម្មមួយមុខ ដែលខ្លួនមកវិនិយោគនៅកម្ពុជាទេ។ ប្រសិនបើវិស័យនោះ កំពុងជួបបញ្ហាលំបាករាំងស្ទះហើយ គឺត្រូវរិះគិតរកមើលវិស័យដទៃៗទៀត ដែលអាចដំណើរការរកចំណូលចូលបាន។ ព្រោះជំងឺកូវីដ១៩ មិនទាន់កំណត់បានថា នឹងចប់នៅពេលណាទេ។ រីឯការចាក់វ៉ាក់សាំងការពារកូវីដ១៩ ក៏មិនទាន់ធានាបាន១០០% ថាជំងឺនេះនឹងចប់ជាស្ថាពរផងដែរ។ ដូច្នេះទាំងពលរដ្ឋ និងពាណិជ្ជករ អ្នកវិនិយោគគិន គឺត្រូវតែរៀនរស់និងរៀនប្រកបអាជីវកម្ម តាមគន្លងថ្មីនេះ។ អ្នករកការងារធ្វើត្រូវកែប្រែទិសដៅការងារ ដែលទីផ្សារការងារគន្លងថ្មីកំពុងត្រូវការ។ រីឯពាណិជ្ជករ ក៏ត្រូវសិក្សាលើគម្រោងណា ដែលកំពុងមានសក្តានុពលអាចធ្វើបាន និងអាចរកចំណូលបាននៅក្នុងគន្លងថ្មីនៃកូវីដ១៩។
កាលពីម្សិលមិញនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ច្បាស់ អំពីវិស័យកសិកម្ម ដែលជាវិស័យដ៏ល្អ និងជាបង្អែកដ៏សំខាន់របស់កម្ពុជា។ ទំហំនៃការនាំចេញកសិកម្មកើនឡើង លើសពីការរំពឹងទុក។ ថ្វីត្បិតការនាំចេញអង្ករធ្លាក់ចុះបន្តិចមែន ប៉ុន្តការនាំចេញស្រូវ គឺកើនឡើង២០០% ដែលមានទីផ្សារធំនៅវៀតណាម និងអារ៉ាប់អេម៉ារិត។ ចំពោះការនាំចេញគ្រាប់ស្វាយចាន់ទី គឺកើនឡើង ៣០០% ដែលកន្លងទៅនេះ គឺបាននាំចេញជាង៨០ម៉ឺនតោន ក្នុងនោះក៏មានការនាំចេញផ្លែចេក ស្វាយ ដំឡូងមី ដែលមានតម្លៃរាប់ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏កំពុងប្រឹងប្រែងជំរុញវិស័យឧស្សាហកម្មខ្នាតតូច និងមធ្យមផងដែរ។ ចំពោះវិស័យកាត់ដេរវិញ រោងចក្រនៅកម្ពុជា នៅតែមានឱកាសនាំចេញសម្លៀកបំពាក់ និងស្បែកជើងទៅបរទេស ក្នុងពេលដែលប្រទេសជាច្រើន មិនអាចផ្គត់ផ្គង់បានដោយសារមិនទាន់ សម្របអាជីវកម្មទៅតាមគន្លងថ្មី នៃកូវីដ១៩បាននៅឡើយ។

កម្ពុជានៅតែស្វាគមន៍អ្នកវិនិយោគគិន និងពាណិជ្ជករដែលចង់មកបណ្តាក់ទុន ប្រកបអាជីវកម្មនៅទីនេះ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC) នៅតែសកម្មបន្តអនុម័តគម្រោងវិនិយោគថ្មីៗជូនអ្នកវិនិយោគ។
សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន សង្ឃឹមថា នៅពេលកម្ពុជាបានចាក់សាំង គ្របដណ្តប់ប្រជាពលរដ្ឋ បានជាង១០លាននាក់ ហើយនោះ គឺវិស័យទេសចរណ៍ អាចបើកឡើងវិញពេលសមរម្យណាមួយ ។
មកទល់ពេលនេះកម្ពុជា បានចាក់វ៉ាក់សាំងជូនពលរដ្ឋបានប្រមាណ យើងបានចាក់ ៧លាន៣សែន (៧៣%)។ កម្ពុជាមានជំនឿថា ចំនួនពលរដ្ឋ១០លាននាក់ នឹងទទួលបានការចាក់វ៉ាកសាំង នៅក្នុងខែវិច្ឆិកា ២០២១នេះ។ តាមពិតទៅ សម្តេចតេជោ ហ៊ុន សែន ចង់ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋរួមទាំងកុមារអាយុពី១០ឆ្នាំដល់១១ឆ្នាំ និងអាយុពី ១២ ដល់១៧ឆ្នាំ រហូតដល់ចំនួន ១៣លាននាក់។ ពេលនោះគឺកម្ពុជាអាចបើកសាលារៀនឡើងវិញ រួមទាំងសេវាកម្មផ្សេងៗ ហើយក៏ជាឱកាសបើកសេដ្ឋកិច្ច ឲ្យដំណើរការឡើងវិញបានផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី រួមទាំងពលរដ្ឋកម្ពុជា សូមអរគុណប្រទេសចិន ជាបងប្អូនដែលបានផ្តល់ជំនួយវ៉ាក់សាំងការពារកូវីដ១៩ ដល់កម្ពុជាទាន់ពេលវេលា។ ជំនួយវ៉ាក់សាំងចិន ចំពោះកម្ពុជាចាត់ទុកជាប្រភពជំនួយយុទ្ធសាស្រ្ត ដែលបានជួយការពារអាយុជីវិតពលរដ្ឋខ្មែរឲ្យ បានចៀសផុតពីជំងឺកូវីដ១៩។ ម៉្យាងវិញទៀត ការបើកទីផ្សារទទួលយកនូវផលិតផលកសិកម្មពីកម្ពុជា ទៅប្រទេសចិន គឺកំពុងផ្តល់ឱកាសការងារ និងឱកាសវិនិយោគ ដល់អ្នកវិនិយោគគិនខ្មែរ និងចិន ផងដែរ ជាពិសេសក្នុងស្ថានភាពបិទខ្ទប់ ដោយជំងឺរាតត្បាតកូវីដ១៩។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើង គ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ