ភ្នំពេញ ÷ ហាងនំប៉័ងយីហោសូរិយាវង្ស ត្រូវបានអគ្គិភ័យឆាបឆេះបង្ក និងបង្កឲ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នឹងសមត្ថកិច្ចចុះជួយអន្តរាគមន៍ទាន់ពេល។ ករណីអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង ១៥នាទីរសៀលថ្ងៃទី២ ខែសីហាឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ ២ ទល់មុខនិងការ៉ាស់ PTTភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ។
ម្ចាស់ហាងនំប៉័ងខាងលើមានឈ្មោះ ចែ លក្ខិណា អាយុ៤០ ឆ្នាំមុខរបរលក់ដូរស្នាក់នៅកន្លែងកើតហេតុខាងលើ។

បើតាមប្រភពព័ត៌មានពីកម្មករ ដែលធ្វើការនៅហាងនំប៉័ង បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេពួកគេឮស្នូរសំឡេងផ្ទុះចេញពីឡដុតនំប៉័ង ខាងក្រោយពេលនោះ ក៏មានផ្សែងហុយចេញយ៉ាងសន្ធោសន្ធៅ ស្រាប់តែមានអណ្ដាតភ្លេីង ឆាបឆេះចេញមក ពួកគេក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ជួយបាញ់អស់ជាច្រើនបំពង់ តែមិនរលត់ដោយសារតែស្ថានភាពអណ្ដាតភ្លើង និងផ្សែងហុយខ្លាំងពេក ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ដើម្បីជួយអន្តរាគមន៍។
បន្ទាប់ពីទទួលបានព័ត៌មានថា មានអគ្គិភ័យឆាប់ឆេះហាងនំប៉័ងខាងលើ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ក៏បានរាយការណ៍ទៅសមត្ថកិច្ចខាងពន្លត់អគ្គិភ័យ ដែលប្រចាំការនៅសាលាខណ្ឌដង្កោ បានចេញរថយន្តទៅបាញ់ពន្លត់ ទាន់ពេលវេលា រថយន្តពន្លត់អគ្គិភ័យដែលចុះទៅជួយអន្តរាគមន៍ ក្នុងករណីអគ្គិភ័យខាងលើ សរុបទាំងអស់ចំនួន៨ គ្រឿង ហើយបានបាញ់បានប្រើប្រាស់ អស់ទឹកចំនួន៣ គ្រឿង បាញ់រលត់ទាំងស្រុង នៅវេលាម៉ោង ២និង ៤០នាទីរសៀលថ្ងៃទី ២ ខែសីហាឆ្នាំ២០២១។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើមូលហេតុ មកពីឆ្លងចរន្តអគ្គិសនី ហើយនៅក្នុងករណីខាងលើនេះ គឺមិនមានអ្នកណារងរបួសនោះទេ ហើយក៏មិនរាលដាលឆាបឆេះ ដល់ផ្ទះពលរដ្ឋអ្នកជិតខាងនោះឡើយ៕ រក្សាសិទ្ធិដោយ៖សួង សាម








