Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកសួន សេរីរដ្ឋា ៖ ការធ្វើច្បាប់ដាក់ទណ្ឌកម្ម មកលើថ្នាក់ដឹកនាំកម្ពុជា មិនមែនជាដំណោះស្រាយ នៃការធ្វើឲ្យប្រសើរឡើង នូវទំនាក់ទំនងការទូតរវាងកម្ពុជា-អាមេរិក

ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជាបានបញ្ជាក់ថា នយោបាយការបរទេសចក្រពត្តិនិយមរបស់អាមេរិក ដែលមានសមាជិកសភានិយមជ្រុលរបស់ខ្លួន ប៉ុន្មាននាក់ខំធ្វើពង្រៀងច្បាប់ដាក់ទណ្ឌកម្មលើមេដឹកនាំ និងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា នាពេលនេះ វាមិនអាចជោគជ័យយកជាការអ្វីបានទេ ពីព្រោះវប្បធម៌អាងធ្វើច្បាប់ ដាក់ទណ្ឌកម្មលើប្រទេសនេះ ប្រទេសនោះ ដែលខ្លួន (អាមេរិក) មិនពេញចិត្តនោះ វាហួសសម័យទៅហើយ ។

គណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភា សហរដ្ឋ អាមេរិកនៅរដ្ឋធានី វ៉ាស៊ីនតោន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានអនុម័តជាឯកច្ឆន្ទ លើសេចក្តីស្នើច្បាប់មួយដែលនឹង អនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្ម លើមន្រ្តីកម្ពុជា ដែលពាក់ព័ន្ធនឹងការធ្វើឲ្យ ខូចប្រជាធិបតេយ្យ ប្រសិនបើសេចក្តីស្នើច្បាប់នេះ ក្លាយជាច្បាប់ពេញលេញ។
វិធានការដាក់ទណ្ឌកម្ម ដែលធ្វើឡើងដោយ ប្រធានាធិបតីអាមេរិក ប្រសិនបើសេចក្តីស្នើច្បាប់នេះ ត្រូវអនុម័តបន្តដោយរដ្ឋសភា និង ព្រឹទ្ធសភាអាមេរិក មានដូចជា ការបង្កកទ្រព្យសម្បត្តិ និងការបដិសេធមិនផ្តល់ទិដ្ឋាការ ឬ វីហ្សា (visa) ចូលទឹកដីសហរដ្ឋអាមេរិកជាដើម។

លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានមានប្រសាសន៍ថា វប្បធម៌នយោបាយចាស់គំរិល របស់មហាអំណាចអាមេរិក ដែលអាងឲ្យក្រុមសភារបស់ខ្លួន ធ្វើច្បាប់ដាក់ទណ្ឌកម្ម មកលើមេដឹកនាំ និងថ្នាក់ដឹកនាំ នៃប្រទេសកម្ពុជានាពេលនេះ វាមិនមែនជាដំណោះស្រាយ នៃការធ្វើឲ្យប្រសើរឡើង នូវទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកនោះទេ ។

លោក សួន សេរីរដ្ឋា បញ្ជាក់ថា កម្ពុជាជារដ្ឋអធិបតេយ្យ ឯករាជ្យ ហើយរដ្ឋាភិបាលកម្ពុជា កើតចេញពីការបោះឆ្នោត តំណាងឲ្យឆន្ទៈ របស់ប្រជាពលរដ្ឋទូទាំងប្រទេស ។ ពោលគឺប្រទេសកម្ពុជាយើង មិនមែនជារដ្ឋចំណុះសហរដ្ឋអាមេរិក ដែលធ្វើអ្វី សម្រេចអ្វី ឬចង់បង្កើតច្បាប់អ្វី ត្រូវតែទៅសួរយោបល់សុំការសម្រេច យល់ព្រមពីក្រុមសមាជិកសភាអាមេរិកនោះទេ ។ ដូច្នេះនយោបាយការបរទេសចក្រពត្តិនិយម របស់អាមេរិក ដែលមានសមាជិកសភានិយមជ្រុល របស់ខ្លួន ប៉ុន្មាននាក់ខំធ្វើពង្រៀងច្បាប់ ដាក់ទណ្ឌកម្មលើមេដឹកនាំ និងថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា នាពេលនេះ វាមិនអាចជោគជ័យ យកជាការអ្វីបានទេ ពីព្រោះវប្បធម៌ អាងធ្វើច្បាប់ដាក់ទណ្ឌកម្ម លើប្រទេសនេះ ប្រទេសនោះ ដែលខ្លួន (អាមេរិក) មិនពេញចិត្តនោះ វាហួសសម័យទៅហើយ ។ បច្ចុប្បន្ននេះ ប្រទេសទាំងអស់ លើពិភពលោកដែលជារដ្ឋឯករាជ្យ និងជាសមាជិក នៃអង្គការសហប្រជាជាតិ គឺគេមិនខ្លាចច្បាប់ដាក់ទណ្ឌកម្ម របស់អាមេរិក ដែលជាក្រដាសបិទកេរ្តិ៍ខ្មាស របស់អាមេរិកខ្លួនឯងមិនជិតនោះទេ ។

លោកបន្តថា ចំពោះកម្ពុជា គឺអាមេរិកគ្មានសិទ្ធិលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ ។ ហើយអាមេរិកក៏មិនមែនជាចៅក្រម ឬជាតុលាការពិភពលោក ដែលមានសិទ្ធិអំណាចអ្វី មកកាត់ក្តីរឿងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជាដែរ ។ កម្ពុជា មានច្បាប់រដ្ឋធម្មនុញ្ញជាច្បាប់កំពូល មានច្បាប់នានា សម្រាប់អនុវត្តន៍លើបុគ្គលណាដែលធ្វើខុស ។ ហើយជនកម្ពុជា គ្រប់រូបមិនថាអ្នកនយោបាយ ឬប្រជាពលរដ្ឋសាមញ្ញទេ បើជនណាធ្វើខុស ឬប្រព្រឹត្តិខុស គឺតុលាការកម្ពុជា យកច្បាប់កម្ពុជា មកកាត់ទោស ! មិនមែនទៅយកច្បាប់អាមេរិក មកអនុវត្តក្នុងតុលាការកម្ពុជាទេ ។ ដូចនេះ បើសហរដ្ឋអាមេរិក ចង់ធ្វើឲ្យប្រសើរឡើង កសាងនូវទំនាក់ការទូត របស់ប្រទេសទាំងពីរ គឺកម្ពុជា និងអាមេរិក ឲ្យល្អនោះអ្នកនយោបាយ សមាជិកសភា និងមេដឹកនាំអាមេរិក គួរៀនសូត្រពីគំរូការទូត នៃប្រទេសមហាអំណាចផ្សេងទៀត ដែលកំពុងមានទំនាក់ទំនងល្អជាមួយនិងកម្ពុជា ៕ រក្សាសិទ្ធិដោយ៖ ចេស្តារ

×