ភ្នំពេញ ៖ នៅទីបំផុតពេលវេលា ដែលរង់ចាំវិចបង្វិចហោះទៅតាមស្វាមីរបស់ អ្នកនាងអ៊ុន អាលីហ្សា បានសម្រេចគោលដៅ ដូចបំណងហើយ ដោយបានរស់នៅជុំប្តី នៅលើដែនដីសុីវិល័យសហរដ្ឋអាមេរិក។ អ្នកណាៗក៏លើកសរសើរថា នាងពិតជាសុខសាន្តក្រោយពេល បាននៅជិតប្តីក្មេងរាងសង្ហា និងកូនស្រីជាចំណងដៃ។ មើលតែលើរូបភាពនាងបង្ហោះក៏ដឹងថា អាលីហ្សាកំពុងតែកក់ក្តៅ។

គេចាំបានថា អំឡុងពេល អាលីហ្សា រៀបការហើយបាន មួយរយៈខ្លី ស្វាមីនាងហោះទៅអាមេរិកមុន ។ យូរៗបានមកលេងប្រពន្ធម្តងហើយបាន ដំណក់ឈាមកូនស្រី។ តាំងពីនាងពពោះមក គឺអាលីហ្សា នៅឆ្ងាយប្តីដោយមានតែសាច់ញាតិក្នុងស្រុក ជួយកំដររហូតឆ្លងទន្លេ ដោយសុវត្ថិភាព។ នាងត្រូវរង់ចាំបន្តទៀតដោយ សារបរិយាកាសកូវីដ១៩ វាយលុកគ្រប់ប្រទេសទើប ពន្យារពេលទៅ ជួបជុំស្វាមីម្តងហើយម្តងទៀត។ ទើបតែប៉ុន្មានខែចុងក្រោយនេះ អាលីហ្សាស្ងាត់ៗ ដល់ដីអាមេរិកតាមដល់គោលដៅ ។ នាងបានពាំនាំកូនស្រីឲ្យប្តីប្រឡែងរស់នៅជុំគ្នា លែងបែកឆ្ងាយដូចមុនទៀត។ ឯសិល្បៈក៏អាលីហ្សា លាឈប់ដើម្បីមើលថែគ្រួសារវិញម្តង។
អាលីហ្សា ធ្លាប់ហែលឆ្លងជីវិតសិល្បៈច្រើនឆ្នាំមកហើយដូចជា ធ្លាប់ជាតារាចម្រៀង តារាបង្ហាញម៉ូដ និងតារាសម្តែង។ នាងកាន់តែល្បីឈ្មោះក្រោយពេល ក្លាយជាតួអង្គសម្តែង ដោយមានទេពកោសល្យល្អហើយធ្លាប់សម្តែង ជាមួយតារាជើងចាស់ អម្ពរ ទេវីផងដែរ។ នាងធ្លាប់ប្រាប់ថា បើមានពេលមកលេងស្រុក នឹងចំណាយពេលលើសិល្បៈ ដើម្បីកុំឲ្យគេភ្លេចមុខ។
រក្សាសិទ្ធិដោយ ៖ សំណាង SV













