Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យអនុវត្តម៉ឺងម៉ាត់ មិនលើកលែង ខណៈក្នុងរាជធានីភ្នំពេញ ត្រូវបានបិទខ្ទប់ ២ទីតាំង

ភ្នំពេញ​ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យសមត្ថកិច្ចអនុវត្តច្បាប់ម៉ឺងម៉ាត់បំផុត ចំពោះអ្នកផ្គើននឹងវិធានការការពារកូវីដ-១៩ ដោយមិនអាចទុកឱ្យមនុស្ស១ ឬ២នាក់ បំផ្លាញមនុស្សរាប់ពាន់ រាប់ម៉ឺន ឬរាប់សែន លាននាក់នោះទេ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់បញ្ជាបែបនេះ ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់ ១៧ឆ្នាំ ដោយសម្តេចតេជោ បានលើកឡើងថា ច្បាប់បង្កើតឡើងដើម្បីការពារជីវីតមនុស្ស មិនមែនរំលោភសិទ្ធិមនុស្សនោះទេ។

ចំពោះអ្នកមើលស្រាល មិនស្តាប់បង្គាប់ មិនគោរពតាមវិធានសុខាភិបាល យើងមានការដាក់ទោសទណ្ឌតឹងរ៉ឹង… អញ្ចឹងទេ បើអ្នកណាបំពានតិច ត្រូវផាកតិច , អ្នកណាបំពានខ្លាំង ត្រូវផាកខ្លាំង , តែបើអ្នកណាបំពានហើយគឃ្លើនថែមទៀត ត្រូវបញ្ចូលគុក។ បើនិយាយមិនស្តាប់នៅតែជុំគ្នា ខារ៉ាអូខេ ទៀត ចាប់បានកាត់ក្តីភ្លាម បញ្ជូនទៅពន្ធនាគារភ្លាម។ ព្រោះការទប់ស្កាត់ជំងឺកូវីដ-១៩ គឺដើម្បីទាំងអស់គ្នា មិនមែនដើម្បីនរណាម្នាក់នោះទេ។

បើនិយាយពីករណីកូវីដ-១៩ បំប្លែងថ្មី Delta វិញ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានថ្លែងបញ្ជាក់ថា មេរោគបំប្លែងថ្មី Delta ត្រូវបានរកឃើញកំពុងចរាចរនៅកម្ពុជា មានចំនួនកើនដល់ ២២៣ ករណីហើយ បើគិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ រហូតមកដល់ ថ្ងៃទី០១ ខែសីហា ឆ្នំា២០២១នេះ។

ក្នុងឱកាសនាំយកថវិការបស់ សម្ដេចតេជោ ហ៊ុន សែន ប្រគល់ជូនដល់លោកតា អាយុ១០១ឆ្នាំ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្រុងកំពត ខេត្តកំពត នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ , លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងថា វីរុសបំប្លែងថ្មី Delta ក្នុងចំនួនពីរថ្ងៃនេះ ដែលយើងបានរកឃើញ គឺថ្ងៃទី៣១មខែកក្កដា មកដល់ ថ្ងៃទី១ ខែសីហា សរុប ២ថ្ងៃ ចំនួន ១០៩ករណី ហើយបើសរុបចាប់តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ( ចាប់ផ្ដើមឆ្លងខ្លះៗ ) រហូតមកដល់ថ្ងៃទី០១ ខែសីហា ឆ្នំា២០២១ នេះ គឺមានរយៈពេល ៥ខែហើយ យើងបានរកឃើញរហូតដល់ទៅ ចំនួន ២២៣នាក់ ក្នុងនោះ ស្ដ្រី ១០៧នាក់។

ស្ថានភាពនៃការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ពីមុន គឺពពួកមេរោគបំប្លែងថ្មី Alpha បានវាកលុយនៅកម្ពុជា ក៏ប៉ុន្ដែនៅពេលថ្មីៗនេះ មានការវាយលុកពីមេរោគបំប្លែងថ្មី Delta ថែមទៀត រឹតតែធ្វើឲ្យកម្ពុជា ត្រូវត្រៀមខ្លួនប្រយុទ្ធទប់ស្កាត់ ទោះត្រូវចំណាយក្នុងតម្លៃណាក៏ដោយ។

បញ្ហាមេរោគបំប្លែងថ្មី Delta ដែលកំពុងរាតត្បាតនេះ បានធ្វើឱ្យសាកលលោក កំពុងមានការព្រួយបារម្ដ ដោយលទ្ធភាពនៃការចម្លងរបស់វា គឺលឿន និងឆាប់ធ្វើឲ្យមនុស្សទ្រុឌទ្រោមក៏លឿនដែរ ហើយនៅកម្ពុជារបស់យើង មេរោគបំប្លែងថ្មី Deltaនេះ ក៏កំពុងធ្វើសកម្មភាពក្នុងការវាយលុកចូលទៅក្នុងសហគមន៍យើង ហើយឆ្លងតាមកន្លែង និងជាដុំៗ ឬមួយដុំៗ។

ស្ដីពីការឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី Delta ចូលមកក្នុងរាជធានីភ្នំពេញវិញ គឺ អាជ្ញាធររាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបិទខ្ទប់ច្រកចេញ-ចូល ចំនួន ២ ទីតាំង គឺ ÷

១- ផ្លូវមួយចំនួន ក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលមេរោគបំប្លែងថ្មី Delta។

ក្នុងខ្លឹមសារសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ត្រូវបានការបិទខ្ទប់មិនឱ្យមានការចេញ-ចូល នូវច្រកផ្លូវលេខ ៣៧២, ៣៧២Z, និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី Delta សម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី៣ ដល់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវមេរោគបំប្លែងថ្មី Delta នៅក្នុងសហគមន៍។

២- បិទខ្ទប់មិនឱ្យមានការចេញ-ចូល ចំពោះកំណាត់ផ្លូវលេខ ៩៣ ពីចំណុចសាលាបឋមសិក្សាពញាក្រែក រហូតដល់ចំណុចផ្ទេរលេខ១១៦ រួមទាំងលំនៅឋានក្នុងបុរី ខេស៊ី ( KC ) ស្ថិតក្នុងក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានការសង្ស័យជាប់ពាក់ព័ន្ធមេរោគបំប្លែងថ្មី Delta សម្រាប់រយៈពេល ០៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ដល់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ រហូតការស្រាវជ្រាវត្រូវបានបិទបញ្ចប់។

ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់ការចេញ-ចូល និងរាល់ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស ក្នុងទីតាំងខាងលើ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×