ភ្នំពេញ ៖ ប្រមុខរាជរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងរយៈពេល ៧ខែឆ្នាំ ២០២១នេះ ចំណូលពន្ធគយ និងពន្ធដារ ទទួលបានចំនួន ៣០៦១ លានដុល្លារ ដោយរំពឹងថា នឹងអាចទទួលបានយ៉ាងហោចណាស់ចំនួន ៥ពាន់លានដុល្លារ នៅដំណាច់ឆ្នាំនេះ។ ទោះបីជាចំណូលពន្ធពេលនេះ ថយចុះបន្តិចក៏ដោយ ប៉ុន្តែសម្តេចតេជោ បានថ្លែងថា ចំណូលចរន្តនេះ នឹងអាចរក្សាបានក្នុង១ខែជាមធ្យមចំនួន ៤០០លានដុល្លារ ដែលអាចទ្រទ្រង់ការចំ ណាយបាន។

សម្តេចតេជោ ហ៊ុន សែន បានគួសបញ្ជាក់ថា ថ្វីដ្បិតវិបត្តិជំងឺកូវីដ១៩ បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាក៏ដោយ ក៏ប៉ុន្តែវាមិនមានន័យថា អាចធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាដួលរលំនោះទេ ខណៈរាល់ការចំណាយនៅក្នុងអំឡុងពេលនេះ រាជរដ្ឋាភិបាល បានប្រើប្រាស់ថវិកាសន្សំរបស់ខ្លួនប៉ុណ្ណោះ ដោយមិនទាន់បានប្រើប្រាស់ប្រាក់ កម្ចីបរទេសឡើយ។ គិតត្រឹមពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយកញ្ចប់ថវិកាជាង ១ពាន់លានដុល្លារ ដើម្បីជួយសង្គម និងស្តារសេដ្ឋកិច្ច ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ យោងតាមប្រសាសន៍ របស់សម្តេចតេជោថ្លែងក្នុងពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅវិមានសន្តិភាព កាលពីថ្ងៃទី ១ខែសីហា។
គិតមកទល់នឹងពេលនេះ រាជរដ្ឋាភិបាល បានចំណាយថវិកាជាង ៤០០លានដុល្លារ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រមាណជិត ៣លាននាក់ នៅទូទាំងប្រទេស។ ក្រៅពីនេះ ក៏បានផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ បម្រើការងារនៅក្នុងវិស័យរោងចក្រ វាយនភណ្ឌកាត់ដេរ ស្បែកជើង និងកាបូបធ្វើដំណើរ និងបុគ្គលិកបម្រើការងារនៅ ក្នុងវិស័យពាក់ព័ន្ធទេសចរណ៍ ដែលត្រូវថៅកែព្យួរការងារ ក្នុងអំឡុងពេលវិបត្តិនេះផងដែរ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏បានចំណាយថវិកាជាច្រើនទៅលើការជួយសង្គ្រោះវិស័យឯកជន និងសង្គម នៅក្នុងវិស័យអាទិភាពសំខាន់ៗ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩។
គិតមកទល់នឹងពេលនេះ រាជរដ្ឋាភិបាល បានចំណាយថវិកាអស់ប្រមាណ ១ភាគ ៣ ឬស្មើនឹងជាង ១ពាន់លានដុល្លារ នៃថវិកាសន្សំ ដែលមានក្នុងដៃស្រាប់សរុបជាង ៣ពាន់លានដុល្លារ ក្នុងការដោះស្រាយបញ្ហានា នា ដើម្បីគ្រប់គ្រងស្ថានការណ៍ក្នុងប្រទេស ដែលបង្កឡើងដោយជំងឺកូវីដ១៩៕ រក្សាសិទ្ធិដោយ៖ CEN


