Wednesday, May 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសអាស៊ាន លើកទី៥៤ ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា សង្កត់ធ្ងន់លើសារៈសំខាន់ នៃការធានាឱ្យបាននូវការស្តារសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព និងកំណើនសម្រាប់តំបន់

spot_img

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការធានាឱ្យបាននូវការស្តារសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព និងកំណើនសម្រាប់តំបន់ រួមមាន តាមរយៈការសម្រេចឱ្យបាននូវក្របខ័ណ្ឌ ការរៀបចំច្រករបៀងធ្វើដំណើរក្នុងតំបន់អាស៊ាន និងការធ្វើប្រតិបត្តិការនៃមជ្ឈមណ្ឌលអាស៊ាន សម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED) ។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន តាមប្រព័ន្ធវីដេអូ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាថា ការចូលរួមរបស់អាស៊ានជាមួយដៃគូខាងក្រៅ គឺគាំទ្រដល់មជ្ឈភាពអាស៊ាន ដែលស្របនឹងគោលការណ៍អាស៊ាន រួមមាន ទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)។
កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ាន (APSC) លើកទី២៣
កិច្ចប្រជុំបានពិភាក្សាអំពីការវិវត្តថ្មីៗ ទាក់ទងនឹងនយោបាយ និងសន្តិសុខក្នុងតំបន់ និងវឌ្ឍនភាពនៃការងាររបស់ស្ថាប័នតាមវិស័យ នៅក្នុងសសរស្តម្ភនយោបាយ និងសន្តិសុខ (APSC)។ កិច្ចប្រជុំបានស្វាគមន៍ចំពោះវឌ្ឍនភាពដែលសម្រេចបាន ក្នុងការអនុវត្តផែនការលំអិត APSC ឆ្នាំ២០២៥ ទោះបីមានជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។

រដ្ឋមន្រ្តីការបរទេស ក៏បានឯកភាពពន្លឿនការអនុវត្តបន្ទាត់សកម្មភាព ដែលនៅសេសសល់ក្រោមផែនការលំអិត APSC ឆ្នាំ២០២៥ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសមិទ្ធផល ដែលសម្រេចបានដោយមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) និងបានកោតសរសើរ ចំពោះជោគជ័យនៃសិក្ខាសាលា ស្តីពី «ការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន នៅក្នុងប្រទេសដែលរងផលប៉ះពាល់ ដោយសារមីន/សំណល់ជាតិផ្ទុះសង្គ្រាម (ERW)» ដែលបានរៀបចំនៅខេត្តសៀមរាប នៅខែកក្កដា ឆ្នាំ ២០២១។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអរគុណចំពោះប្រទេសឥណ្ឌូនេស៊ី ដែលបានធ្វើជាសហប្រធានរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ។
នៅក្នុងកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ខណៈដែលអាស៊ានកំពុងប្រឈមមុខ នឹងផលប៉ះពាល់ដែលបង្កដោយការរីករាលដាលជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ មកលើប្រជាជនក្រីក្រ អាស៊ានគួរខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកាត់បន្ថយការលំបាក របស់ប្រជាជនទាំងនោះ និងបន្តវឌ្ឍនភាពនៃការកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់លើភាព ចាំបាច់ក្នុងការបែងចែករវាងការគោរពសិទ្ធិមនុស្សនិងសេរីភាព ក្នុងការលើកកម្ពស់ភាពសុខដុមរមនា និងវឌ្ឍនភាពរបស់មនុស្សជាតិ ពីការបន្លំប្រើប្រាស់គោលការណ៍ពិសិដ្ឋទាំងនេះ ដើម្បីបង្កឱ្យមានការស្អប់ខ្ពើម ភាពមិនចុះសម្រុងក្នុងសង្គម អស្ថិរភាព និងការជ្រៀតជ្រែកទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងថា ការយល់ដឹង និងការគោពសិទ្ធិមនុស្សត្រូវមាន ភាពគ្រប់ជ្រុងជ្រោយរួមដោយគ្មានស្តង់ដារទ្វេ ហើយគោរពអធិបតេយ្យភាពជាតិរបស់ប្រទេសនីមួយៗ ស្របតាមគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា៕ រក្សាសិទ្ធិដោយ៖ ចេស្តារ

spot_img
×