ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសសន៍ថា រយៈពេល ៣ខែ (៣១ មេសា-៣១ កក្កដា) នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាទ្រង់ទ្រាយធំជូនដល់ប្រជាពលរដ្ឋ នៅតំបន់ក្រហមតាមប្រសាសន៍ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺយកវ៉ាក់សាំងទៅស្រោចនៅ តំបន់មួយចំនួន គឺចាប់តាំងពីថ្ងៃបើកយុទ្ធនាការ ថ្ងៃទី៣១ ខែមេសា មកដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ គម្រប់ខួប ៣ខែ នឹងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការយកវ៉ាក់សាំងទៅចាក់ចូលរាងកាយ ប្រជាពលរដ្ឋដើម្បីសុខាមាលភាពរបស់ប្រជាពលរដ្ឋ គឺបានមួយចំនួនផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បន្តថា ការយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ច ពីសំណាក់កងយោធពលខេមរភូមិន្ទ ដូច្នេះពេទ្យរបស់កងយោធពលខេមរភូមិន្ទ គឺបានធ្វើយ៉ាងល្អប្រពៃ។ ហើយក្នុងរយៈពេលខែ គឺចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋបានយ៉ាងច្រើនជាង ៧០ភាគរយ ក្នុងនោះមានមួយចំណែកកងយោធពលខេមរភូមិន្ទបានរួមចំណែកធ្វើកិច្ចការងារនេះ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២ សីហា ឆ្នាំ២០២១នេះ សរុបបាន«៧លាន ៤សែន ៩ម៉ឺន ៨ពាន់ និង ១២៩នាក់។ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ មាន ៧៤,១៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៤,០៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលបច្ចុប្បន្ន រកបានវ៉ាក់សាំងប្រមាណ១៨លានដូសហើយ។ ក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។ វ៉ាក់សាំងប្រមាណ១៧លានដូស ភាគច្រើនជាវ៉ាក់សាំងរបស់ចិន គឺស៊ីណូហ្វាម និងស៊ីណូវ៉ាក់។
តាមផែនការនៅត្រឹមខែសីហានេះ កម្ពុជា នឹងទទួលបានវ៉ាក់សាំងគ្រប់២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ អាយុចាប់ពី១៨ឆ្នាំឡើង ដែលមានចំនួនប្រមាណ១០លាននាក់។ កម្ពុជា ក៏បានបញ្ជាទិញវ៉ាក់សាំងប្រមាណ៥លានដូសបន្ថែមទៀត សម្រាប់ចាក់ជូនក្មេង និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ។ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាង៧លាននាក់ហើយ បានចាក់វ៉ាក់សាំងរួចរាល់៕ រក្សាសិទ្ធិដោយ៖ ចេស្តារ

