ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃ តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានបង្គាប់ឲ្យឃុំខ្លួនបុរស ត្រូវចោទ នៅក្នុងពន្ធនាគារព្រៃស ( ម១) ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំសវនាការកាត់ទោស តាមនីតិវិធីច្បាប់ ជាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ជាង ៤ គីឡូក្រាម ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ។
យោងតាមដីការបស់ចៅក្រមស៊ើបសួរ បានឲ្យដឹងថា ជនត្រូវចោទ រូបនេះ មានឈ្មោះ ហ៊ុន សារ៉េត ហៅ រុណ ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះលេខ១០ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនត្រូវចោទត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន នៃ មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ កាលពីថ្ងៃ ទី ៣០ ខែ កក្កដា ២០២១ កន្លងទៅនេះ នៅក្នុងសង្កាត់បឹងទំពុន២។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដកហូតបានសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សរុប ចំនួន ៤,១១៤ ក្រាម, សារធាតុញៀន ប្រភេទ កេតាមីន (Ketamine) ទម្ងន់សរុប ១២.៣០ ក្រាម, សារធាតុញៀន ប្រភេទ អ៊ិចស្តាស៊ី (MDMA) ទម្ងន់សរុប ២១.១០ក្រាម ។ សារធាតុញៀន សរុប ៤១៤៧.៤០ក្រាម និងដកហូត ម៉ូតូ ០២គ្រឿង និង ទូរសព្ទដៃ ចំនួន ០២គ្រឿង។
លោកប្លង់ សុផល, ព្រះរាជាអាជ្ញារង និង ជាអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន តាមតេឡេក្រាម នៅថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២១នេះ ថា ចំពោះសំណុំរឿងនេះ តំណាងអយ្យការបានបេីកការស៊េីបសួរទៅចៅក្រមស៊េីបសួរ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ពីបទរក្សាទុកដឹកជញ្ជូនជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបទសម្អាតប្រាក់ តាមមាត្រា ៥០ មាត្រា ៤៥ មាត្រា ៤៨ មាត្រា ៧០ និងមាត្រា ៧១ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕
រក្សាសិទ្ធិដោយ៖ ចន្ទា ភា