ព្រះសីហនុ ៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម គួច ចំរេីន អភិបាលនិងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុបានអញ្ជេីញចូលជាអធិបតី ក្នុងពិធីដុតបំផ្លាញគ្រឿងញៀនប្រមាណជាង៤៦៨គីឡូក្រាម នៃសំណុំរឿងចំនួន២០៥ ដេីម្បីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្ថិតភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះ ឯកឧត្ដម សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ បានជម្រាបជូនអង្គពិធីទាំងមូលថា គ្រឿងញៀនប្រមាណជាង៤៦៨គីឡូក្រាម ដែលមន្ត្រីជំនាញបានដុតបំផ្លាញនាពេលនេះ គឺបង្រ្កាបបានពីបទល្មើស កាលពីឆ្នាំ២០២០នៅក្នុងខេត្ត ចំនួន៣ រួមមានខេត្តព្រះសីហនុ កំពត និងខេត្តកែប ។
ក្នុងឱកាសនោះដែរ ឯកឧត្តម សៀង សុខ បានបញ្ជាក់ថា ការដុតបំផ្លាញគ្រឿងញៀននាពេលនេះ គឺជាសារឆ្លើយតប និងជាសកម្មភាពដែលបង្ហាញ ឲ្យសារធារណជនទូទៅបានឃើញថា វត្ថុតាងគ្រឿងញៀន ដែលបង្កហានិភ័យ និងនាំឲ្យមានភាពអន្តរាយ ត្រូវបានដុតបំផ្លាញចោលនាឱកាសប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ មិថុនា មកប្រារព្ធនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នេះដោយសារបញ្ហាជំងឺកូវីដ១៩ ។

ជាមួយគ្នានេះ ឯកឧត្តម សៀង សុខ បានបន្ថែមថា ប្រទេសកម្ពុជាយើងបានប្រឈមមុខ នឹងគ្រោះថ្នាក់ធ្ងន់ធ្ងរបណ្តាលមក ពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពិតមែន តែមិនអាចរារាំងកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ទូទាំងប្រទេសបានឡើយ ប៉ុន្តែវាគ្រាន់តែបង្កឲ្យមានផលវិបាកមួយចំនួន ក្នុងការបង្ក្រាបផងដែរ ជាមួយនេះបញ្ហាជំងឺកូវីដ-១៩ នេះមានសភាពរីករាលដាលខ្លាំងក្លាប៉ុន្តែវាអាចទៅដល់ទីបញ្ចប់នៅថ្ងៃណាមួយ តែបញ្ហាគ្រឿងញៀននេះ នឹងមិនងាយរកទីបញ្ចប់ឡេីយ ហេីយបរិមាណគ្រឿងញៀនដ៏ច្រេីនសន្ធឹកសន្ធាប់ ប្រសិនបេីសមត្ថកិច្ចយេីងបង្រ្កាបមិនទាន់ ពេលវេលានោះទេវានឹងពង្វក់ស្មារតីអូសទាញ ដល់ប្រជាពលរដ្ឋស្លូតត្រង់ពិសេសយុវជនឱ្យប្រេីប្រាស់ ដោយខុសច្បាប់បណ្តាលឱ្យខូចសុខភាព និងឈានរហូតដល់ប្រព្រឹត្តបទល្មេីសជាអាទិ៍ អំពេីឃាតកម្ម និងឧក្រិដ្ឋកម្ម បង្កភាពអសន្តិសុខក្នុងសហគមន៍ គឺមិនថានៅខេត្តព្រះសីហនុក៏ដូចជាទូទាំងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២១នេះ សមត្ថកិច្ចបានប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន បានចំនួនជាង៣ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជាង៧ពាន់នាក់ និងចាប់យកគ្រឿងញៀនបានសរុបជាង៨៥០គីឡូក្រាម ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ













