ភ្នំពេញ ៖ លោកតាវ័យចំណាស់ជាជនជាតិវៀតណាមម្នាក់ ត្រូវបានស្លាប់ក្រោយពេលបញ្ជូនមកដល់មន្ទីរពេទ្យ ខណៈពេលដែលរូបគាត់ឡើងបេះផ្លែស្វាយ ហើយត្រូវបានបាក់មែកស្វាយធ្លាក់ បោកនឹងរបងដែក រួចបោកក្បាលជាមួយនឹងថ្នល់ បណ្ដាលឲ្យរងរបួសបែកក្បាលហូរឈាម។ ករណីនេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង ១៥នាទីព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ លី សារិទ្ធ ហៅតាយួន អាយុ ៨៦ឆ្នាំ ជាជនជាតិវៀតណាម មុខរបរនៅផ្ទះស្នាក់នៅភូមិកើតហេតុខាងលើ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅជិតខាង បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញលោកតាជាជនរងគ្រោះ បានឡើងដើមស្វាយនៅមុខផ្ទះ ដេីម្បីបេះផ្លែស្វាយចែកអ្នកជិតខាងហូប ខណៈពេលដែលកំពុងតែបេះ ស្រាប់តែបាក់មែកស្វាយ ធ្វើឱ្យជនរងគ្រោះធ្លាក់មកបោកនឹងរបងដែក រួចបោកក្បាលទៅនឹងថ្នល់ បណ្ដាលឲ្យបែកក្បាលហូរឈាមរងរបួសធ្ងន់ ភ្លាមៗនោះជនរងគ្រោះ ត្រូវបានរថយន្តរបស់មន្ទីរពេទ្យឯកជនសួគ៌ា ដឹកយកទៅសង្គ្រោះ តែជាអកុសលពេលមកដល់មន្ទីរពេទ្យ លោកគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានបន្តទៀតថា បុរសវ័យចំណាស់ខាងលើ តែងតែឡើងបេះផ្លែឈើ ដែលមានដេីមខ្ពស់ៗ ដូចជាដើមព្រីង និងដើមស្វាយជាដើម តែកន្លងមករូបគាត់ឡើង គឺបំពាក់ខ្សែក្រវាត់តែពេលនេះ គឺមិនបានពាក់ខ្សែក្រវាត់នោះទេ ទើបបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះ ។

ប្រភពព័ត៌មានបានបន្តថា ដើមស្វាយនៅមុខផ្ទះ របស់ជនរងគ្រោះ គឺផ្លែគ្រប់រដូវ ហើយលោកតាដែលជាជនរងគ្រោះ តែងតែឡើងទៅលើដើមស្វាយមួយដើមនេះ ហើយបេះផ្លែស្វាយមកចែក អ្នករស់នៅក្បែរខាង មិនបានលក់ដូរអ្វីនោះទេ។
ក្រោយពីទទួលបានព័ត៌មានថា មានបុរសវ័យចំណាស់ ធ្លាក់ពីលើដើមស្វាយស្លាប់បាត់បង់ជីវិត សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ សហការជាមួយសមត្ថកិច្ចកោសល្យវិច័យ នៃអធិការខណ្ឌមានជ័យ ក៏បានចុះមកធ្វើកោសល្យវិច័យសព ។ បន្ទាប់ពីធ្វើកោសល្យវិច័យសព រួចមកសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះពិតជាបានស្លាប់ ដោយសារធ្លាក់ពីលើដើមស្វាយ ពិតប្រាកដមែន មិនមានពាក់ព័ន្ធនឹងករណីឃាតកម្មអ្វីនោះទេ ហើយសមត្ថកិច្ចក៏បានធ្វើលិខិត ប្រគល់សាកសព ទៅឲ្យក្រុមគ្រួសារជនរងគ្រោះ យកសពទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សួង សាម






