បាត់ដំបង ៖ ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត បានផ្តល់ព័ត៌មានឱ្យដឹងនៅល្ងាចថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១ ថា គិតត្រឹមពេលថ្ងៃនេះខេត្តបាត់ដំបង មានវត្តមានជំងឺឆ្លងកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទ Delta សរុបចំនួន១១ ករណីហើយ ។

លោកបានបញ្ជាក់ថា ក្នុងចំណោម១១ករណីនេះ គឺមានអ្នកជំងឺជាស្ត្រីចំនួន៦នាក់ ហើយក្នុងនោះ ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានខិតខំយកចិត្តទុកដាក់ក្នុងការព្យាបាលឱ្យជាសះស្បើយចំនួន៤នាក់ ក្នុងនោះស្រី៣នាក់ និងនៅសល់ចំនួន ៧នាក់ទៀត ស្ថិតនៅក្នុងមន្ទីរពេទ្យ កំពុងព្យាបាលបន្ត ។
លោកបានឱ្យដឹងទៀតថា រហូតមកដល់បច្ចុប្បន្ន វីរូសកូវីដ១៩ ប្រភេទ Delta នេះមិនទាន់មានការឆ្លងដល់សហគមន៍រស់នៅរបស់ប្រជាពលរដ្ឋនៅឡើយទេ គឺជាប្រភេទវីរូស ដែលនាំចូលពីប្រទេសជិតខាង តាមរយៈពលករខ្មែរទើបវិលត្រឡប់មកពីប្រទេសថៃ ។
លោក នៅតែធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ សូមបន្តការចូលរួមជាមួយប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីអនុវត្តន៍នូវវិធានការសុវត្ថិភាព ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីខ្លួនយើង ក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិយើង បានរួចផុតពីការឆ្លងជំងឺកូវីដ១៩ ជាពិសេសវីរូសបំប្លែងថ្មីប្រភេទ Deltaផងដែរ។

យោងតាមសេចក្តីប្រកាសរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា មានករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៩៨នាក់ និងពលករមកពីប្រទេសថៃចំនួន៧នាក់និងអ្នកជាសះស្បើយចំនួន១៧នាក់ទៀត។
សូមបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ១៩ រហូតមកដល់នឹងល្ងាចថ្ងៃទី២ ខែសីហា នេះខេត្តបាត់ដំបង មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣៥៩២នាក់ បានព្យាបាលជាសះស្បើយចំនួន ២១០៣នាក់ មានករណីស្លាប់៤៥នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមបណ្តាស្រុកនានាក្នុងខេត្តបាត់ដំបង ចំនួន ១៤៤៤ នាក់ ៕ រក្សាសិទ្ធិដោយ៖CEN




