ភ្នំពេញ ៖ តារាសម្តែងកញ្ញា សី សី បានសារភាពថា បច្ចុប្បន្ននាងមានម្ចាស់បេះដូងរួចហើយ បន្ទាប់ពីនាងបានស្វែងយល់ ចិត្តគ្នាប៉ុន្មានឆ្នាំមកនេះ ខណះពេលគម្រោងរៀបការនៅមិនទាន់ឈានដល់នៅឡើយ។
បើទោះជាសារភាពថា បេះដូងមិននៅទំនេរទៀតក៏ប៉ុន្តែតារាសម្តែងរូបនេះ នៅមិនទាន់ហ៊ានបង្ហាញអត្តសញ្ញាណបុរសនោះឡើយទេ។

តារាសម្តែងក្នងរឿងអ្នកទី៣ កញ្ញា សី សី បានលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍នៅក្នុងស្រុកមួយថា រហូតមកទល់ពេលនេះនាងមានម្ចាស់បេះដូងរួចហើយ ហើយកំពុងស្វែងយល់ចិត្តគ្នាបន្ថែម ខណៈពេលការកំណត់ពេលរៀបការនោះ នៅមិនទាន់មាននៅឡើយទេ។
នាងបញ្ជាក់ថា កន្លងមកនាងមានអ្នកតាមស្រឡាញ់ច្រើន ហើយបុរសទាំងនោះបានធ្វើល្អដាក់នាងច្រើន ប៉ុន្តែនាងបានសម្រេចជ្រើសរើសបុរសម្នាក់គត់សម្រាប់បេះដូងរបស់នាង។
យ៉ាងណា សី សី មិនបានបញ្ជាក់ឲ្យច្បាស់ទេថា បុរសដែលលកំពុងស្ថិតនៅក្នុងបេះដូងរបស់នាងនោះជាអ្នកសិល្បះដូចគ្នា ឬជាបុរសក្នុងស្រុក និងក្រៅស្រុកម្នាក់ណានៅឡើយទេ។
ជាការកត់សម្គាល់ កន្លងមកមានពាក្យចចាមអារាមថា សីសី បានបង្កើតទំនាក់ទំនងស្នេហ៍ក្រៅឆាកជាមួយតារាសម្តែងរូបសង្ហារមួយរូប បន្ទាប់ពីគេបានឃើញអ្នកទាំងពីរបានបង្ហាញភាពស្និតស្នាលគ្នាជាបន្តបន្ទាប់។
យ៉ាងណាពាក់ព័ន្ធបញ្ហាខាងលើនេះ សីសី បានធ្វើការបដិសេធ និងបានបញ្ជាក់យ៉ាងច្បាស់ថា ភាពស្និតស្នាលរវាងនាងនិងតារាសម្តែងប្រុសម្នាក់នោះគឺមិនលើសពីមិត្តភក្តិដែលធ្លាប់សម្តែងជាមួយគ្នាឡើយ។

គួបញ្ជាក់ថា កញ្ញា សីសី បានចាប់ផ្តើមប្រឡូកក្នុងវិស័យសិល្បៈតាមរយៈ ការសម្តែងរឿងកប្លែងខ្លីដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុក។
បន្ទាប់មកតារារូបនេះក៏មានឱកាសចាប់បានការសម្តែងភាពយន្តខ្នាតធំ និងភាពយន្តភាគទូរទ្សន៍ជាបន្តបន្ទាប់។
នាងក៏បានទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកទស្សនាតាមរយះការសម្តែងរឿង អ្នកទី៣ ដែលផលិតដោយផលិតកម្មLD និងបានចាក់ផ្សាយចប់ជាស្ថាពរ នៅលើកញ្ចក់ទូរទស្សន៍PNN។
បច្ចុប្បន្ននាងក៏បានបង្ហាញមុខជាបន្តបន្ទាប់ នៅរឿងភាគ និងរឿងអប់រំខ្នាតខ្លីដែលចាក់ និងគ្រោងចាក់ផ្សាយ តាមកញ្ចក់ទូរទ្សន៍ក្នុងស្រុកនានាផងដែរ៕ រក្សាសិទ្ធិដោយ៖សំណាង SV















