ភ្នំពេញ ៖ ការសម្រេចនេះបានធ្វើឡើង ដោយចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោកស្រី សម័យ លីនដា នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានប្រកាសសាលក្រមផ្តន្ទាទោសអ្នកគ្រូបង្រៀនសាលាបឋមសិក្សាម្នាក់ (ជាមេតុងទីន) ស៊ីដាច់ប្រាក់អ្នកគ្រូដូចគ្នាជាង១៤ ម៉ឺនដុល្លារអាមេរិក ដាក់ពន្ធនាគារកំណត់១៨ ខែ និងតម្រូវឲ្យសងលុយទៅដើមបណ្តឹងវិញ តាមចំនួនទឹកប្រាក់រៀងខ្លួន ។

តាមតុលាការបានបញ្ជាក់ថា ជនជាប់ចោទមាន ឈ្មោះ ឈុន ថារីណែត ភេទស្រី អាយុ៣៩ ឆ្នាំ មុខរបរជាគ្រូបង្រៀន នៅសាលាបឋមសិក្សាមួយ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយរងនូវបណ្តឹងពីសំណាក់អ្នកគ្រូបង្រៀនដូចគ្នា ប្តឹងពីបទ.ក្លែងបន្លំលិខិតឯកជន និងបទ.ឆបោកប្រាក់ តាមរូបភាពលេង(តុងទីន) ។
គួររំលឹកថា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ មានអ្នកគ្រូបង្រៀននៅសាលាបឋមសិក្សា៣ នាក់ តំណាងឲ្យអ្នកគ្រូបង្រៀនចំនួន២១ នាក់ដែលជាសមាជិកលេងតុងទីនដូចគ្នា បានដាក់ពាក្យបណ្តឹងទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ប្តឹងពីឈ្មោះ ឈុន ថារីណែត ភេទស្រី អាយុ៣៩ ឆ្នាំ មុខរបរជាគ្រូបង្រៀន (មេតុងទីន) ស្នាក់នៅផ្ទះលេខ១១៧D ផ្លូវលេខ១២២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ពីបទ.ក្លែងលិខិតឯកជន និងឆបោប្រាក់ចំនួន១៤២ ០០៩ ដុល្លារអាមេរិក ។

បើតាមពាក្យបណ្តឹងបានបញ្ជាក់ទៀតថា កាលពីថ្ងៃទី១៥ ខែធ្នូឆ្នាំ២០១៦ ឈ្មោះ ឈុន ថាវីណែតបានដើរឃោសនា គៀរគររកសមាជិកឲ្យលេងតុងទីនជាមួយ ចំនួន៦ក្បាល ដោយក្បាលទី១ មានសមាជិកចំនួន៦៧ នាក់ ក្នុង ១ក្បាលមានទឹកប្រាក់៥០ ដុល្លារអាមេរិក ដោយដេញ១ខែចំនួន២ដង ក្នុងនោះក្បាល៥០ ដុល្លារមាន៣ ក្បាល និង៣០ ដុល្លារអាមេរិក មានចំនួន៣ក្បាលដេញ១ខែចំនួន២ដង ។ ដោយសំអាងថា ឈ្មោះ ឈុន ថារីណែត ជាគ្រូបង្រៀន មានមុខរបរត្រឹមត្រូវ ទើបអ្នកគ្រូជាដើមបណ្តឹងទាំងអស់គ្នា បានសម្រេចចិត្តលេងតុងទីនជាមួយ ។

ក្រោយពីបានចូលលេងជាសមាជិករួចហើយ ក៏មានអ្នកខ្លះដេញបានប្រាក់ ដែលខ្លះបានបង់ឲ្យមេគ្រប់ចំនួន ឯចំណែកឈ្មោះ ឈុន ថារីណែតបានក្លែងលិខិតឈ្មោះខ្មោចលក់មកឲ្យសមាជិក (ដើមបណ្តឹង) បន្ថែមទៀត ដោយសមាជិកទាំងអស់ពុំបានដឹងឡើយ ហើយបានបោះពាក្យថា បើចង់ប្តឹងទៅណាប្តឹងទៅ ។ ចំពោះប្រាក់ដែលជនត្រូវចោទបានឆបោក បានយកពីសមាជិកជាដើមបណ្តឹង២៤ នាក់នោះទៅសរុប ១៤២.០០៩ ដុល្លារអាមេរិក (ដប់បួនម៉ឺនពីរពាន់ប្រាំបួនដុល្លារអាមេរិក) ។
ក្រោយពីមានពាក្យបណ្តឹង សមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានកោះអញ្ជើញលោកស្រីគ្រូបង្រៀន រងនូវការប្តឹងចោទប្រកាន់នោះ ទៅសាកសួរ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅពេលនគរបាលព្រហ្មទណ្ឌ អញ្ជើញលោកស្រីគ្រូបង្រៀនទៅសាកសួរ ទើបរកឃើញថា អ្នកគ្រូពិតជាជាប់ពាក់ពន្ធបទល្មើស ដូចពាក្យបណ្តឹងនោះ ដូច្នោះសមត្ថកិច្ចក៏បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវ បន្ទាប់មកចៅក្រមស៊ើបសួរ ក៏សម្រេចចេញដីកាឃុំខ្លួនជនសង្ស័យ ដាក់ពន្ធនាគារព្រៃស រហូតដល់ថ្ងៃបើកសវនាការនិងប្រកាសសាលក្រមនេះ៕ រក្សាសិទ្ធិដោយ៖ជំនោ

