ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការដាក់ចេញនូវសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់៨ខេត្ត និងសេចក្តីសម្រេចលេខ២៤៩/២១សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ លើវិធានការរដ្ឋបាលនៃការបិទបម្រាមគោចរ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង ២៣និង៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ធ្វើឡើងក្នុងគោលបំណងតែមួយគត់ គឺដើម្បីរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ឱ្យជៀសផុតពីជំងឺកូវីដ-១៩ ពិសេសវុីរីសបំប្លែងថ្មីដែលតា (DETA) ។

ការបញ្ជាក់បែបនេះ របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference នាព្រឹកថ្ងៃទី០៣ សីហា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការអនុវត្តនូវសេចក្តីសម្រេច លេខ២៤៩/២១សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ឃើញថា ទាំងកម្លាំងកងរាជអាវុធហត្ថរាជធានី ស្នងការប៉ូលីសរាជធានី និងអាជ្ញាធរខណ្ឌទាំង១៤ អនុវត្តការងារនេះបានយ៉ាងល្អប្រសើរណាស់ ហើយប្រជាពលរដ្ឋក៏បានចូលរួម យ៉ាងសកម្មផងដែរ មានន័យថា ដល់ម៉ោងអនុវត្ត គឺប្រជាពលរដ្ឋ មិនមានធ្វើដំណើរលើដងផ្លូវនោះទេ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការងារនេះក៏នៅមានចំណុច ចន្លោះប្រហោងមួយចំនួនដែរ ដោយសារតែនៅតាមដងផ្លូវតូចៗ នៅមានប្រជាពលរដ្ឋធ្វើដំណើរនូវឡើយ។ ដូចច្នេះលោកអភិបាលរាជធានី បានស្នើឱ្យអាជ្ញាធរ មានសមត្ថកិច្ចទាំងអស់ ជាពិសេសស្នើឱ្យអាជាធរខណ្ឌទាំង១៤ ធ្វើការណែនាំបន្តឱ្យគណៈបញ្ជាការឯកភាពសង្កាត់ទាំង១០៥ បន្តពង្រឹងលើការងារនេះបន្ថែមទៀត ដល់ភូមិនិងដល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋ ឱ្យប្រជាពលរដ្ឋលោកចូលរួមឱ្យ បានច្រើនសំដៅធ្វើយ៉ាងណា យើងរួមគ្នាឈានទៅផ្តាច់ឬសគល់ជម្ងឺកូវីដ-១៩ ពិសេសវុីរីសបំប្លែងថ្មីដែលតា (DETA) ឱ្យបាន។

លោកបន្តថា ក្នុងនោះឱ្យប្រជាពលរដ្ឋ លោកមើលឃើញការខិតខំប្រឹងប្រែង របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ របស់យើងដែលយកចិត្តទុកដាក់ ចំពោះពួកគាត់និងកូនចៅ របស់គាត់បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩គ្រប់គ្នា ហើយពួកគាត់ជឿជាក់ទុកចិត្ត លើអាជ្ញាធរយើងគាំទ្រយើង។
លោកឃួង ស្រេង បានបញ្ជាក់ទៀតថា ការអនុវត្តសេចក្តីសម្រេចលេខ២៤៩/២១សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ លើវិធានការរដ្ឋបាល នៃការបិទបម្រាមគោចរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង ២៣និង៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ កម្លាំងទាំងអស់ ត្រូវអនុវត្តឱ្យបានតឹងរ៉ឹងបំផុត ហើយចំពោះអ្នកល្មើស ត្រូវឃាត់ទាំងមនុស្ស ឃាត់ទាំងយានយន្ត និងផាកពិន័យទៅតាមច្បាប់ ដោយមិនមានការលើកលែងនោះទេ។

លោកថា ចាប់ពីម៉ោងនេះទៅ មិននិយាយពីការអប់រំទៀតទេ ។ វាល្មមដល់ពេលហើយ ព្រឹត្តិការណ៍សហគមន៍២០គុម្ភៈ គិតមកដល់ពេលនេះ មានរយៈពេល៩ខែហើយ ប្រជាពលរដ្ឋគួរយល់ដឹងហើយ មិនត្រូវល្មើសនោះទេ។ បន្ថែមពីលើនេះទៀត ដើម្បីចូលរួមទប់ស្កាត់ឲ្យបាននូវ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសការរីករាលដាលវីរុសប្រភេទថ្មី (ដែលតា)នេះដែរ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ























