ព្រះសីហនុ៖ ក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២១នេះ សមត្ថកិច្ច បានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួនជាង ៣ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជាង ៧ពាន់នាក់ នេះបើយោងតាមការបញ្ជាក់ពីលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ថ្លែងក្នុងពិធីដុតកម្តេចគ្រឿង
ញៀនជាង ៤៦៨គីឡូក្រាមនៅថ្ងៃទី៣ ខែសីហានេះ។
លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ បានឱ្យដឹងថា គ្រឿងញៀនជាង ៤៦៨គីឡូក្រាម ដែលមន្ត្រីជំនាញបានដុតបំផ្លាញនាពេលនេះ គឺបង្រ្កាបបានពីបទល្មើស កាលពីឆ្នាំ២០២០ នៅក្នុងខេត្ត ចំនួន៣ រួមមានខេត្តព្រះសីហនុ កំពត និងខេត្តកែប។
លោក សៀង សុខ បានបញ្ជាក់ថា ការដុតបំផ្លាញគ្រឿងញៀននាពេលនេះ គឺជាសារឆ្លើយតប និងជាសកម្មភាពដែលបង្ហាញ ឲ្យសារធារណជនទូទៅបានឃើញថា វត្ថុតាងគ្រឿងញៀន ដែលបង្កហានិភ័យ និងនាំឲ្យមានភាពអន្តរាយ ត្រូវបានដុតបំផ្លាញចោល។
ជាមួយគ្នានេះ លោក សៀង សុខ បានបន្ថែមថា ប្រទេសកម្ពុជា បានប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ បណ្តាលមកពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពិតមែន តែមិនអាចរារាំងកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ទូទាំងប្រទេសបានឡើយ ប៉ុន្តែវាគ្រាន់តែបង្កឲ្យមានផលវិបាកមួយចំនួន ក្នុងការបង្ក្រាបផងដែរ។ ជាមួយនេះ បញ្ហាជំងឺកូវីដ-១៩នេះ មានសភាពរីករាលដាលខ្លាំងក្លា ប៉ុន្តែវាអាចទៅដល់ទីបញ្ចប់នៅថ្ងៃណាមួយ តែបញ្ហាគ្រឿងញៀននេះ នឹងមិនងាយរកទីបញ្ចប់ឡើយ ហើយបរិមាណគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់ ប្រសិនបើសមត្ថកិច្ច បង្រ្កាបមិនទាន់ពេលវេលានោះទេ វានឹងពង្វក់ស្មារតីអូសទាញដល់ប្រជាពលរដ្ឋស្លូតត្រង់ ពិសេសយុវជនឱ្យប្រើប្រាស់ដោយខុសច្បាប់ បណ្តាលឱ្យខូចសុខភាព និងឈានរហូតដល់ប្រព្រឹត្តបទល្មើសជាអាទិ៍ អំពើឃាតកម្ម និងឧក្រិដ្ឋកម្ម បង្កភាពអសន្តិសុខក្នុងសហគមន៍ គឺមិនថានៅខេត្តព្រះសីហនុ ក៏ដូចជាទូទាំងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២១នេះ សមត្ថកិច្ច បានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួនជាង ៣ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជាង ៧ពាន់នាក់ និងចាប់យកគ្រឿងញៀនបានសរុបជាង៨៥០គីឡូក្រាម ៕ រក្សាសិទ្ធិដោយ៖CEN