ភ្នំពេញ ៖ ក្នុងឱកាសនាំយកថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រគល់ជូនដល់លោកតា អាយុ១០២ឆ្នាំ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្រុងកំពត ខេត្តកំពត នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងទូទាំងប្រទេស បានថ្លែងបញ្ជាក់ថា វ៉ាក់សាំងគ្រប់ប្រភេទដែលមានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក (WHO) អាចមានសមត្ថភាពបង្កើតកងការពារ ទប់ទល់ជាមួយមេរោគនៃជំងឺកូវីដ-១៩គ្រប់ប្រភេទ រួមទាំងវីរុសបំប្លែងថ្មី Delta ផងដែរ។

រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ឲ្យដឹថា ទោះជាយ៉ាងណាក៏ដោយ វ៉ាក់សាំងកូវីដ-១៩ ដែលយើងកំពុងប្រើប្រាស់ស្ថិតក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោកនេះ គឺនៅតែជាឧបករណ៍ដ៏មានសារៈសំខាន់សម្រាប់វាយបក ជាមួយនឹងវីរុសកូវីដ-១៩ ទោះជាប្រភេទណាក៏ដោយ។
ងាកទៅមើលប្រទេសចិនវិញ, បើតាមសារព័ត៌មានចិន China Daily បានរាយការណ៍នៅថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១ ឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលកំពុងប្រើនៅទូទាំងប្រទេសចិន នាពេលបច្ចុប្បន្ន នៅតែបន្តបង្ហាញពីប្រសិទ្ធភាពដ៏ល្អប្រឆាំងនឹងវីរុស COVID-19 បំប្លែងខ្លួនថ្មី Delta ខ្លាំងក្លាដដែល បើទោះជាមេរោគនេះមានសមត្ថភាពចម្លងលឿនរហ័ស និងងាយបង្កឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺរហូតដល់ធ្ងន់ធ្ងរយ៉ាងណាក៏ដោយ។

លោក ហ្វេង ហ្ស៉ីជាំង (Feng Zijian) អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងនៃប្រទេសចិន (China CDC) បាននិយាយថា «ការសិក្សាស្រាវជ្រាវ បានបង្ហាញថា វីរុស COVID-19 បំប្លែងខ្លួនថ្មី Delta ប្រហែលអាចកាត់បន្ថយប្រសិទ្ធភាពវ៉ាក់សាំង ប៉ុន្តែវ៉ាក់សាំងដែលកំពុងចាក់នៅទូទាំងប្រទេសចិន នាពេលបច្ចុប្បន្ន នៅតែអាចមានប្រសិទ្ធភាពប្រឆាំងវីរុសនេះបានយ៉ាងល្អដដែល នោះទេ។
ចំណែក លោក ស្សាវ យីមីង (Shao Yiming) អ្នកស្រាវជ្រាវម្នាក់ទៀតនៅមជ្ឈមណ្ឌលខាងលើ ក៏បាននិយាយផងដែរថា «ទោះបីជាគ្មានវ៉ាក់សាំងណា អាចការពារប្រឆាំងនឹងវីរុសនេះ បាន ១០០ភាគរយក៏ដោយ ក៏វ៉ាក់សាំងដែលមានស្រាប់ នៅតែអាចគ្រប់គ្រងលើវីរុស COVID-19 បម្លែងខ្លួនថ្មីនានា បានដដែលនៅនាពេលបច្ចុប្បន្ន៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN
















