ភ្នំពេញ ៖ ក្រុមមន្ត្រីជំនាញ និងឆ្លើយតបបន្ទាន់ នៃរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ បានប្រកាសឱ្យដឹងថា រកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៨នាក់ កាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ។

អនុគណៈកម្មការប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺកូវីដ-១៩ បានបញ្ជាក់ថា អ្នកជំងឺរកឃើញថ្មីនេះ សង្ស័យជាប់ពាក់ព័ន្ធអ្នកឆ្លងមេរោគបំប្លែងថ្មី Delta កំពុងចាត់ចែងដាក់ឲ្យសម្រាកព្យាបាល ដាច់ដោយឡែកនៅមណ្ឌលព្យាបាលដែលមានបរិស្ថានល្អ។
គួរបញ្ជាក់ថា ស្ដីពីការឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី Delta ចូលមកក្នុងរាជធានីភ្នំពេញវិញ គឺ អាជ្ញាធររាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបិទខ្ទប់ច្រកចេញ-ចូល ចំនួន ២ ទីតាំងរួចទៅហើយ គឺ ÷

១- ផ្លូវមួយចំនួន ក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលមេរោគបំប្លែងថ្មី Delta។ រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ត្រូវបានការបិទខ្ទប់មិនឱ្យមានការចេញ-ចូល នូវច្រកផ្លូវលេខ ៣៧២, ៣៧២Z, និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី Delta សម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី៣ ដល់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវមេរោគបំប្លែងថ្មី Delta នៅក្នុងសហគមន៍។
២- ត្រូវបានបិទខ្ទប់មិនឱ្យមានការចេញ-ចូល ចំពោះកំណាត់ផ្លូវលេខ ៩៣ ពីចំណុចសាលាបឋមសិក្សាពញាក្រែក រហូតដល់ចំណុចផ្ទេរលេខ១១៦ រួមទាំងលំនៅឋានក្នុងបុរី ខេស៊ី ( KC ) ស្ថិតក្នុងក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានការសង្ស័យជាប់ពាក់ព័ន្ធមេរោគបំប្លែងថ្មី Delta សម្រាប់រយៈពេល ០៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ដល់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ រហូតការស្រាវជ្រាវត្រូវបានបិទបញ្ចប់។
ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់ការចេញ-ចូល និងរាល់ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស ក្នុងទីតាំងខាងលើ។

បើនិយាយពីករណីកូវីដ-១៩ បំប្លែងថ្មី Delta វិញ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានថ្លែងបញ្ជាក់ថា មេរោគបំប្លែងថ្មី Delta ត្រូវបានរកឃើញកំពុងចរាចរនៅកម្ពុជា មានចំនួនកើនដល់ ២២៣ ករណីហើយ បើគិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ រហូតមកដល់ ថ្ងៃទី០១ ខែសីហា ឆ្នំា២០២១នេះ។
ក្នុងឱកាសនាំយកថវិការបស់ សម្ដេចតេជោ ហ៊ុន សែន ប្រគល់ជូនដល់លោកតា អាយុ១០១ឆ្នាំ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នៅក្រុងកំពត ខេត្តកំពត នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ , លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងថា វីរុសបំប្លែងថ្មី Delta ក្នុងចំនួនពីរថ្ងៃនេះ ដែលយើងបានរកឃើញ គឺថ្ងៃទី៣១មខែកក្កដា មកដល់ ថ្ងៃទី១ ខែសីហា សរុប ២ថ្ងៃ ចំនួន ១០៩ករណី ហើយបើសរុបចាប់តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ( ចាប់ផ្ដើមឆ្លងខ្លះៗ ) រហូតមកដល់ថ្ងៃទី០១ ខែសីហា ឆ្នំា២០២១ នេះ គឺមានរយៈពេល ៥ខែហើយ យើងបានរកឃើញរហូតដល់ទៅ ចំនួន ២២៣នាក់ ក្នុងនោះ ស្ដ្រី ១០៧នាក់។

ស្ថានភាពនៃការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ពីមុន គឺពពួកមេរោគបំប្លែងថ្មី Alpha បានវាកលុយនៅកម្ពុជា ក៏ប៉ុន្ដែនៅពេលថ្មីៗនេះ មានការវាយលុកពីមេរោគបំប្លែងថ្មី Delta ថែមទៀត រឹតតែធ្វើឲ្យកម្ពុជា ត្រូវត្រៀមខ្លួនប្រយុទ្ធទប់ស្កាត់ ទោះត្រូវចំណាយក្នុងតម្លៃណាក៏ដោយ។
បញ្ហាមេរោគបំប្លែងថ្មី Delta ដែលកំពុងរាតត្បាតនេះ បានធ្វើឱ្យសាកលលោក កំពុងមានការព្រួយបារម្ដ ដោយលទ្ធភាព នៃការចម្លងរបស់វា គឺលឿន និងឆាប់ធ្វើឲ្យមនុស្សទ្រុឌទ្រោមក៏លឿនដែរ ហើយនៅកម្ពុជារបស់យើង មេរោគបំប្លែងថ្មី Deltaនេះ ក៏កំពុងធ្វើសកម្មភាពក្នុងការវាយលុកចូលទៅក្នុងសហគមន៍យើង ហើយឆ្លងតាមកន្លែង និងជាដុំៗ ឬមួយដុំៗ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN







