Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្ដមសេនីយ៍ ស ថេត ថា ៖ ៤ថ្ងៃនៃការអនុវត្តបម្រាមគោចរ នៃការបិទការធ្វើដំណើរពេលយប់ សមត្ថកិច្ច ឃាត់យានយន្តល្មើស ទៅនឹងបម្រាមគោចរ បានជាង១០០០គ្រឿង

ភ្នំពេញ ៖ ក្នុងរយៈពេល០៤ថ្ងៃ ក្នុងការអនុវត្តបម្រាមគោចរ នៃការបិទការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ចាប់ពីម៉ោង៩រហូតដល់ម៉ោង៣ភ្លឺ អាជ្ញាធរមានសមត្ថកិច្ចចម្រុះ ឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើការឃាត់យានយន្តគ្រប់ប្រភេទដែលល្មើសទៅនឹងបម្រាមគោចរ បានចំនួនជាង១០០០គ្រឿង ហើយក្នុងនោះយើងបានផាកពិន័យ នៅនឹងកន្លែងចំនួនជិត៣០០គ្រឿង ក្រៅពីនោះយើងបានបញ្ជូនទៅរក្សាទុក នៅតាមបណ្តាខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញ។

ខាងលើនេះជាការបញ្ជាក់ឱ្យដឹងពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference ក្រោមអធិបតីភាព លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នៅសាលារាជធានីភ្នំពេញ ។

លោកឧត្ដមសេនីយ៍ ស ថេត បានមានប្រសាសន៍លើកឡើងថា ការអនុវត្តបនូវបម្រាមគោចរនេះនៅក្នុងថ្ងៃទី១ យើងបានឃើញថា បងប្អូនប្រជាពលរដ្ឋជាច្រើន បានល្មើសទៅនឹងបម្រាមគោចរនេះ តែនៅថ្ងៃទី២ យើងបានឃើញថា បងប្អូនមួយចំនួន មានការចូលរួមច្រើនមានន័យថា អ្នកដែលល្មើស នឹងបម្រាមគោចរនេះ ហាក់ដូចជា មានការថយចុះជាច្រើន ។ ដោយឡែកសម្រាប់ថ្ងៃទី៣វិញ ឃើញថា ប្រជាពលរដ្ឋពិតជាបាន យល់ដឹងច្រើន ដោយនៅតាមដងផ្លូវនានា ខណៈដែល វេលាម៉ោងកំណត់ នៃការបិទបម្រាមគោចរមកដល់ ឃើញថា គ្រប់ផ្លូវទាំងអស់ នៅក្នុងរាជធានីភ្នំពេញ មានលក្ខណៈស្ងប់ស្ងាត់ មិនមានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរនោះទេ ។ នេះបង្ហាញឱ្យឃើញពីការចូលរួមរបស់បងប្អូនប្រជាពរដ្ឋ ក្នុងការអនុវត្តវិធាន របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបិទបម្រាមគោចរពីម៉ោង៩ដល់ម៉ោង៣ភ្លឺ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក៏នៅមានចំណុចអវិជ្ជមានមួយចំនួនផងដែរ ដោយសារតែ មានម៉ូតូក្មេងៗប៉ុន្មាន ជា៣ទៅ៤គ្រឿង បានធ្វើដំណើរតាមដងផ្លូវ ល្មើសទៅនឹងបម្រាមនេះ ហើយក្រោយពីយើងធ្វើការឃាត់ និងសាកសួរ គឺពួកគាត់ចេញពីធ្វើការ នៅក្រុមហ៊ុនឯកជនមួយ។ ប៉ុន្តែទោះបីយ៉ាងណាក្តី ករណីនេះ យើងត្រូវតែធ្វើការផាកពិន័យ ដើម្បីឲ្យពួកគាត់ចូលរួមអនុវត្ត ។

លោកឧត្ដមសេនីយ៍ ស ថេត បញ្ជាក់ផងដែរថា ក្នុងរយៈពេល ៤ថ្ងៃ នៃការអនុវត្តបម្រាមគោចរនេះ កម្លាំងមានសមត្ថកិច្ចចំណុះ ឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឃាត់យានយន្តគ្រប់ប្រភេទ បានចំនួន១.០៥៣គ្រឿង ក្នុងនោះមានរថយន្តចំនួន១០៧ គ្រឿង។ ក្នុងនោះយើងបានផាកពិន័យ យានយន្តចំនួន២៦៣គ្រឿង និងក្រៅពីនោះ បានបញ្ជូនទៅរក្សាទុកនៅតាមបណ្ដាខណ្ឌនីមួយៗ ។

លោកឧត្ដមសេនីយ៍ បញ្ជាក់ផងដែរថា ចំពោះបម្រាមគោចរនេះ គឺមិនមែនការលើកលែងឬ អប់រំនោះទេ បើទោះបីជាមន្ត្រីរាជការក៏ដោយ បើពួកគាត់មិនមានកាតព្វកិច្ច ដើម្បីបំពេញការងារ ធ្វើដំណើររហេតរហូត គឺត្រូវតែឃាត់និងធ្វើការផាកពិន័យ ដូចប្រជាពលរដ្ឋទូទៅដែរ ដើម្បីឲ្យពួកគាត់ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×