បាត់ដំបង ៖ ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ១៩ រហូតមកដល់នឹងពេលនេះ ខេត្តបាត់ដំបង នៅតែទទួលរងនូវការគំរាមកំហែង ដល់ជីវិតរស់នៅប្រចាំថ្ងៃ និងបានឆក់យកអាយុជីវិតប្រជាពលរដ្ឋជាបន្តបន្ទាប់ ។
ជាក់ស្តែង បើយោងតាមសេចក្តីប្រកាសជូនដំណឹង របស់រដ្ឋបាលខេត្តបាត់ដំបង នៅព្រលប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា មន្ត្រីជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានរកឃើញអ្នកវិជ្ជមាន វីរុសកូវីដ១៩ ចំនួន៩៥នាក់បន្ថែមទៀត ដែលបានធ្វើឱ្យចំនួន អ្នកឆ្លងជំងឺនៅទូទាំងខេត្តបាត់ដំបងកើនដល់ ៣ ៦៨៧នាក់ ។
ក្នុងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ដែរថា អ្នកជំងឺដែលទើបរកឃើញថ្មីទាំង៩៥នាក់នេះ ភាគច្រើនជាប់ពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រហូតដល់៧៨នាក់ ហើយមានពលករ ទើបវិលត្រឡប់មកពីប្រទេសថៃ ចំនួន១៧នាក់ ប៉ុណ្ណោះ ។

ទន្ទឹមនឹងករណីរកឃើញអ្នកវិជ្ជមានថ្មីនោះ មន្ត្រីជំនាញរបស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង ក៏បានព្យាបាលអ្នកជំងឺកូវីដ១៩ ឱ្យជាសះស្បើយចំនួន៤០នាក់ផងដែរ ។
សូមបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ១៩ រហូតមកដល់នឹងល្ងាចថ្ងៃទី៣ ខែសីហា នេះខេត្តបាត់ដំបង មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣ ៦៨៧នាក់ បានព្យាបាលជាសះស្បើយចំនួន
២ ១៤៣ នាក់ មានករណីស្លាប់ចំនួន៤៥នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមបណ្តាស្រុកនានាក្នុងខេត្តបាត់ដំបង ចំនួន ១ ៤៩៩ នាក់ ៕រក្សាសិទ្ធិដោយ៖CEN








