ភ្នំពេញ ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា សម្រេចលើពាក្យស្នើ សុំពិនិត្យលទ្ធភាពចុះបញ្ជីលក់មូលបត្រ កម្មសិទ្ធិលើទីផ្សារកំណើន របស់ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី។

ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) បានសម្រេចឯកភាពជាគោលការណ៍ លើស្នើសុំពិនិត្យលទ្ធភាព ចុះបញ្ជីលក់មូលបត្រ កម្មសិទ្ធលើទីផ្សារកំណើនរបស់ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០២១។ ដូច្នេះ ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការនៅ ផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី ត្រូវតែទទួលបានការអនុញ្ញាត ឲ្យបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ជាសាធារណៈពី និយ័តករមូលបត្រកម្ពុជា (ន.ម.ក) និងត្រូវបំពេញនូវលក្ខខណ្ឌផ្សេងៗ មួយចំនួនទៀតពាក់ព័ន្ធនឹងការចុះបញ្ជី នៅផ្សារមូលបត្រកម្ពុជា។
ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី ជាក្រុមហ៊ុនទី២ ដែលទទួលបានការឯកភាព ជាគោលការណ៍លើពាក្យស្នើសុំពិនិត្យ លទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅទីផ្សារកំនើនរបស់ ផ.ម.ក។ គួរកត់សម្គាល់ផងដែរថា ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី ជាក្រុមហ៊ុនសក្កានុពលមួយដែលមានសកម្មភាពអាជីវកម្ម ចម្បងគឺអភិវឌ្ឍន៍ខុនដូ ហើយក្រុមហ៊ុនកំពុងតែដំណើរការ សាងសង់នូវគម្រោងទីពីរ ដែលស្ថិតនៅខណ្ឌសែនសុខ ជាតំបន់សក្កានុពល និងកំពុងអភិវឌ្ឍមួយក្នុងរាជធានីភ្នំពេញ៕
រក្សាសិទ្ធិដោយ៖CEN


