ភ្នំពេញ ៖ វ៉ាក់សាំងបង្ការកូវីដ-១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ៤១៥,០០០ដូស របស់ រាជរដ្ឋាភិបាលនិងប្រជាជននៃចក្រភពអង់គ្លេស ត្រូវបានផ្តល់មកឱ្យកម្ពុជានាពេលនេះ គឺជាជំនួយទ្វេភាគី មិនមែនជាការរៀបចំដោយមជ្ឈមណ្ឌលកូវ៉ាក់នោះទេ ហើយថា នឹងត្រូវដឹកមកដល់កម្ពុជានៅថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១នេះ ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទទួលការមកដល់ នូវវ៉ាក់សាំងនេះដោយផ្ទាល់។

លោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បានថ្លែងឱ្យដឹងថា ជំងឺរាតត្បាតកូវីដ-១៩ ជាបញ្ហារបស់សាកលលោក ដែលទាមទារឱ្យមានដំណោះស្រាយជាសាកល ដូច្នេះហើយបានជាចក្រភពអង់គ្លេសកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធជាសាកលប្រឆាំងនឹងជំងឺកូវីដ-១៩ ទោះតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងយន្តការ COVAX ក៏ដោយ ហើយក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា តាមរយៈជំនួយវ៉ាក់សាំងពីប្រទេសជាមិត្ត រួមមានចិន ជប៉ុន និងអង់គ្លេស ជាដើមនេះ គឺបានបង្ហាញនូវនយោបាយចម្រុះពណ៌របស់កម្ពុជាជាមួយប្រទេសជាមិត្ត, មិនមែនមានតែចិន ឬលំអៀងទៅរកចិន ដូចការលើកឡើងរបស់មតិមួយចំនួននោះឡើយ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN










