ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ តាមប្រពន្ធវីដេអូ អនឡាញ ប្រកាសផ្សាយ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ បានបង្ហាញថា រដ្ឋមន្រ្ដីការបរទេសអាស៊ានទាំងអស់ បានឯកភាពគ្នាផ្តល់ឱ្យចក្រភពអង់គ្លេស នូវឋានៈជាដៃគូសន្ទនាទី១១ របស់អាស៊ាន និងបានផ្តល់ឋានៈជាដៃគូកិច្ចសន្ទនា តាមវិស័យអាស៊ាន ដល់ អេមីរ៉ាតអារ៉ាប់រួម ផងដែរ ដោយត្រូវរង់ចាំការបញ្ចប់នីតិវិធីជាផ្លូវការ។

រហូតមកដល់បច្ចុប្បន្ន អាស៊ាន មានដៃគូសន្ទនាចំនួន ១១ប្រទេស រួមមាន ៖ អូស្រ្តាលី, កាណាដា, ចិន, សហភាពអឺរ៉ុប, ឥណ្ឌា, ជប៉ុន, កូរ៉េខាងត្បូង, នូវែលហ្សេឡង់, រុស្ស៉ី , សហរដ្ឋអាមេរិក និងអង់គ្លេសចុងក្រោយនេះតែម្តង។
ថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងលើកយកលទ្ធផលនៃកិច្ចប្រជុំលើកនេះ ភ្ជាប់ទៅដល់ការរៀបចំកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅ នៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ ២០២២ ខណ:រាជរដ្ឋាភិបាលកម្ពុជា នឹងកាន់ តំណែងជាប្រធានអាស៊ាននៅឆ្នាំ២០២២ , ហើយថា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានសង្កត់ធ្ងន់លើការធានា ឱ្យបាននូវការស្តារសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព និងកំណើនសម្រាប់តំបន់៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN










