ភ្នំពេញ ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ប៉ាង លីដា អភិបាលរងខណ្ឌ និងលោក យិន គា នាយករដ្ឋបាលខណ្ឌ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ បានចុះបង្ក្រាបបិទទីតាំង ខារ៉ាអូខេ ចំនួន ៣កន្លែង ជ្រកក្រោមស្លាកភោជនីយដ្ឋាន ដែលនៅតែគឃ្លើនលួចបើកដំណើរការអាជីវកម្ម ល្មើសនឹងបម្រាម របស់រាជរដ្ឋាភិបាល ក្នុងការដាក់វិធានការ និងបម្រាមគោចរដើម្បីប្រយុទ្ធ-ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។

ក្នុងប្រតិបត្តិការចុះបង្ក្រាប បិទទីតាំង ខារ៉ាអូខេ ទាំង ៣កន្លែង ជ្រកក្រោមស្លាកភោជនីយដ្ឋាន ខាងលើនេះ កម្លាំងចម្រុះខណ្ឌពោធិ៍សែនជ័យ បានដកហូតសម្ភារៈមួយចំនួន ព្រមទាំងរុះរើស្លាកយីហោ ជញ្ជាំងបិទបាំង ដែលល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល ប៉ុន្តែមិនបានឃាត់ខ្លួនម្ចាស់ទីតាំង ឬភ្ញៀវនោះទេ មិនដឹងថា គេរត់បាត់អស់ ឬក៏សមត្ថកិច្ចអនុគ្រោះ ? ព្រោះពេលអ្នកយកព័ត៌មាន CEN ចុះទៅដល់ ឃើញថា សមត្ថកិច្ចបានបង្ក្រាបតែហាងខារ៉ាអូខេ ប្រមូលសម្ភារផ្សេងៗ និងរុះរើស អេប៉ុងបិទជញ្ជាំងតែប៉ុណ្ណោះ។
មហាជនបានលើកឡើងថា ប្រសិនបើសមត្ថកិច្ចបង្ក្រាបបានតែអាងខារ៉ាអូខេបែបនេះ ហើយភ្ញៀវដែលចូលកម្សាន្ត ឬច្រៀងសប្បាយក្នុងអត្ថន័យបញ្ជាក់ថាជាសកម្មភាពអ៊ូអរនោះ ចុះបើភ្ញៀវទាំងនោះរត់បាត់អស់ទៅហើយ តើមានភស្តុតាងអ្វីដែលបញ្ជាក់ថា ហាងខារ៉ាអូខេទាំង ៣ នេះ ធ្វើអាជីវកម្មទៀតនោះ ?
សូមបញ្ជាក់ថា ទីតាំងខារ៉ាអូខេ ទាំង ៣កន្លែងនេះ ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រួមមាន ១ -ភោជនីយដ្ឋាន ពិភពតារ៉ារះ
, ២- ភោជនីយដ្ឋាន រស្មី ពន្លឺពេជ្រ
, ៣-ភោជនីយដ្ឋានបុប្ផារាជធានី។

ទាក់ទិននឹងការបង្ក្រាបបទល្មើសផ្សេងៗដែលផ្ទុយពីវិធានការទប់ស្កាត់ជំងឺ-១៩របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធររាជធានីភ្នំពេញ, អាជ្ញាធរបានចាត់វិធានការហាមឃាត់ មុខរបរ អាជីវកម្មដ្ឋានផ្សេងៗ ដូចជា ផ្ទះលក់ដូរគ្រឿងស្រវឹង , ហាងលក់ដូរគ្រឿងហូបចុក អនុញ្ញាតឱ្យលក់ត្រឹមវេចខ្ចប់តែប៉ុណ្ណោះ, ផ្ទះលក់ដូរគ្រឿងទេស ត្រូវមានសណ្ដាប់ធ្នាប់រក្សាគម្លាតសុវត្តិភាព និងអនាម័យ ដោយបាញ់ថ្នាំសម្លាប់មេរោគ ប្រើប្រាស់អាគុល និងដាក់ប្រព័ន្ធស្គេន QR Code ទប់ស្កាត់កូវីដ-១៩។ លើសពីនេះ ត្រូវហាមឃាត់ដាច់ខាត អាជីវកម្មក្លិបកម្សាន្តគ្រប់ប្រភេទ ដូចជា ខារ៉ាអូខេ រង្គសាល ឌីស្កូថេក រោងមហោស្រព សារមន្ទីរ ពិធីប្រគុំតន្ត្រី , រោងភាពយន្ត និង រមណីយដ្ឋាន ជាដើម , និងថែមទាំងបានកំណត់ដាក់បម្រាមគោចរ ចាប់ពីម៉ោង ៩:០០ យប់ រហូតដល់ ម៉ោង ៣ទៀបភ្លឺ រយៈពេលពីរសប្តាហ៍។

គួរបញ្ជាក់ថា ខណ្ឌពោធិ៍សែន ថ្មីៗនេះសង្ស័យមានអ្នកឆ្លងមេរោគបំប្លែងថ្មី Delta ចូលមកក្នុងទឹកដីរបស់ខ្លួន បន្ទាប់ពីក្រុមមន្ត្រីជំនាញ និងឆ្លើយតបបន្ទាន់ នៃរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ បានប្រកាសឱ្យដឹងថា រកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៨នាក់ កាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ។
អនុគណៈកម្មការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩ នៃរាជធានីភ្នំពេញ បានបញ្ជាក់ថា អ្នកជំងឺរកឃើញថ្មីនេះ សង្ស័យជាប់ពាក់ព័ន្ធអ្នកឆ្លងមេរោគបំប្លែងថ្មី Delta កំពុងចាត់ចែងដាក់ឲ្យសម្រាកព្យាបាល ដាច់ដោយឡែកនៅមណ្ឌលព្យាបាលដែលមានបរិស្ថានល្អ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN




