នេះជារឿងដ៏គួរឲ្យសង្វេគខ្លាំងណាស់ ខណៈបានដឹងថា ស្រ្តីខ្មែរម្នាក់ដែលគេបានអះអាងថាជាពលករ បានចាញ់បោកមេខ្យល់ ហើយត្រូវគេនាំមកខ្មែរវិញ យកមកទម្លាក់ចោលក្នុងចំការមីន ហើយភ័យខ្លាំងពេក ក៏បានរត់ទាំងពីរនាក់ម្តាយ និងកូនស្រីតូច បណ្តាលឲ្យធ្លាក់ចូលប្រឡាយបាក់.កជើងម្តាយតែម្តង។
នេះបើតាមប្រភពព័ត៌មាននៅលើបណ្តាញសង្គម បានចែករំលែកឲ្យដឹងថា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ កងកម្លាំងអន្តរាគមន៍របស់វរៈសេនាតូច៨០៧ និងកម្លាំងតាមបណ្តាប៉ុស្តិ៍នីមួយៗ សហការជាមួយកម្លាំង អាវុធហត្ថ យោធា បានធ្វើការចុះល្បាតនៅបន្ទាត់ព្រំដែនកម្ពុជា-ថៃ រហូតបានប្រទះឃើញពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ ចំនួន៣គោលដៅ ផ្សេងគ្នាក្នុងភូមិសាស្រ្តស្រុកថ្មពួក។
ប៉ុន្តែ ក្នុងនោះ ពលករខ្មែរ (ម្តាយ និងកូន) បានចាញ់បោកគេ ហើយត្រូវបាននាំមកពីថ្ងៃមកខ្មែរវិញ មកចោលក្នុងចំការម៉ីន នៅចំណុចប៉ុស្ដិ៍ប្រាសាទត្បែង ស្រុកថ្មពួក ដោយម្ដាយរត់ធ្លាក់ប្រឡាយ បណ្ដាលឲ្យបាក់កជើងខាងស្ដាំគួរឲ្យអាសូរ ហើយក្រោយពីធ្វើតេស្ត លទ្ធផលម្ដាយក៏វិជ្ជមានកូវីដ-១៩ ថែមទៀត។
តែយ៉ាងណា ពីរនាក់ម្តាយ និងកូន ដែលជាជនរងគ្រោះ ត្រូវកម្លាំងបានសហការជាមួយ ក្រុមលោកគ្រូពេទ្យ បានធ្វើការសង្គ្រោះ និងបញ្ជូនគាត់ទៅព្យាបាលនៅមន្ទីរពេទ្យស្រុកមង្គលបុរី។
ជាមួយគ្នានេះផងដែរ បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានសម្តែងនូវក្តីអាណិតអាសូរដល់ពីរនាក់ម្តាយ និងកូនស្រីតូចនេះយ៉ាងខ្លាំង ដោយក្នុងនោះ គេបានលើកឡើងទាំងកំហឹងឈឺចាប់ថា៖ «អាណិតណាស់ ខ្មែររួមជាតិអើយ ដាច់ចិត្តម្លេះ តើមេខ្យល់ខ្មែរឬថៃ។ កូវវីដសម្លាប់មនុស្សមិនរើសមុខ ហេតុអីក៏នៅមានមនុស្សចិត្តអប្រីយ៍បែបហ្នឹងទៀត។ អាណិតក្មេងមិនដឹងជា គ្នារន្ធត់ចិត្តបែបណា នៅពេលឃើញម្ដាយបាក់ជើង ហើយនៅក្នុងព្រៃចំការមីនទៀត»៕ រក្សាសិទ្ធិដោយ៖ លឹមហុង