ប្រជាពលរដ្ឋរស់នៅ ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សរុបមានចំនួនជាង ៧០០គ្រួសារ បានយល់ព្រមអនុវត្តតាមផែនការរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅអំឡុង ឆ្នាំ២០១៨ និង២០១៩ ដោយបានបន្លាស់ប្ដូរទីលំនៅពីក្នុងទឹក ឡើងមករស់នៅលើគោក ដោយអាជ្ញាធរ បានចែកដីលំនៅឋានក្នុងមួយគ្រួសារជូនពួកគាត់ ២០ម៉ែត្រ X១០០ម៉ែត្រ , ប៉ុន្តែដីដែលបានចែកឱ្យខាងលើនេះ មានទំហំតូច មិនអាចបង្កបង្កើតផលធ្វើស្រែ-ចម្ការចិញ្ចឹមជីវិតបានឡើយ ដូចនេះទើបពួកគាត់ស្នើសុំទៅអាជ្ញាធរស្រុក និងខេត្ត ដើម្បីសុំដីបន្ថែមខ្លះទៀតសម្រាប់បង្កបង្កើនផល។

ការស្នើសុំរបស់ប្រជាពលរដ្ឋទាំងជាង ៧០០គ្រួសារនេះ បានធ្វើឡើងជិត ៣ឆ្នាំហើយ មិនទាន់មានការឆ្លើយតប ឬមានដំណោះស្រាយពីអាជ្ញាធរខេត្តកំពង់ឆ្នាំងនៅឡើយទេ ទើបនៅព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ពួកគាត់បានរំលឹកឡើងវិញឲ្យដឹងថា ពីដើមមក ពួកគាត់សុទ្ធតែរស់នៅលើផ្ទះបណ្ដែតទឹកក្នុងព្រែក និងទន្លេជាង៩០% បានប្រកបមុខរបរនេសាទត្រីចិញ្ចឹមជីវិត និងមាន១០%ទៀតធ្វើស្រែចម្ការ។ កន្លងមកអាជ្ញាធរ បានប្រាប់ពួកគាត់ថា ឲ្យពួកគាត់ទ្រាំបន្តិចសិនទៅ អាជ្ញាធរបានស្នើសុំអនុប្បយោគពីរាជរដ្ឋាភិបាល កាត់ដីតំបន់វាលស្រង៉ែ មានទំហំជាង ១,១០០ហិកតា ចែកជូនប្រជាពលរដ្ឋធ្វើស្រែ-ចម្ការហើយ , តែច្រើនឆ្នាំមកនេះ មិនឃើញមានអ្វីជាលទ្ធផលដូចការសន្យាសោះ, ពេលនេះ ពួកគាត់ទាំងអស់គ្នា សូមស្នើសុំឱ្យអាជ្ញាធរជួយពន្លឿនរកដីឲ្យពួកគាត់សម្រាប់អាស្រ័យផលឲ្យបានលឿនផង ព្រោះពេលវេលាជាមាសប្រាក់ , ពេលវេលា គឺជាអាយុជីវិតរបស់ប្រជាពលរដ្ឋក្នុងការបង្កបង្កើនផលដើម្បីរស់។
ប្រជាពលរដ្ឋទាំងជាង ៧០០គ្រួសារ បានរំលឹកឲ្យដឹងទៀតថា កាលអំឡុង ឆ្នាំ២០១៨ និង២០១៩ គ្រាដែលអាជ្ញាធរបានណែនាំឱ្យពួកគាត់បន្លាស់ទីលំនៅ ឡើងពីផ្ទះបណ្តែតទឹក មករស់នៅលើគោកវិញ តាមផែនការរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលណោះអាជ្ញាធរបានសន្យាជាមួយនឹងពួកគាត់ចំនួន៥ ចំណុចដូចជា ÷

១- សន្យាថាសាងសង់សាលារៀន ,
២- សន្យាសង់មណ្ឌលសុខភាព ,
៣- សន្យាធ្វើផ្លូវពី ទីរួមស្រុកកំពង់លែងមកកាន់ឃុំផ្លូវទូក ,
៤- សន្យាថា ជីកអណ្តូង និងស្រះទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ,
៥- អាជ្ញាធរបានសន្យាថា ចែកដីលំនៅឋាន រួមទាំងដីបង្កបង្កើនផល ជូនប្រជាពលរដ្ឋឱ្យបានសមសរម្យ។
ប៉ុន្តែមកដល់ពេលនេះ ការសន្យាទាំង៥ចំណុចខាងលើនេះ គឺអាជ្ញាធរអនុវត្តបាន ៤ចំំណុចហើយ នៅតែមួយចំណុចដែលសន្យាថា ចែកដីជូនប្រជាពលរដ្ឋសម្រាប់ធ្វើ ស្រែ-ចំការនោះ , មកដល់ពេលនេះ ពួកគាត់ពុំទាន់ ទទួលបានដីនោះនៅឡើយទេ។

ទាក់ទិនទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋទាំងជាង ៧០០គ្រួសារនេះ មជ្ឈមណ្ឌលព័ត៌មាន CEN មិនអាចសុំការបំភ្លឺពីមន្ត្រីអាជ្ញាធរស្រុកកំពង់លែង ឬក៏មន្ត្រីថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង បាននៅឡើយទេ ដោយសារពុំអាចទាក់ទងទូរស័ព្ទឆ្លើយឆ្លងបាន, ប៉ុន្តែ លោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែង ធ្លាប់បានឲ្យអ្នកសារព័ត៌មានដឹងថា កន្លងមក អាជ្ញាធរស្រុក និងមន្ត្រីជំនាញបានចុះពិនិត្យមើលដីនៅតំបន់វាលស្រង៉ែផងដែរ គឺជាដីវាលពុំមានព្រៃលិចទឹកឡើយ ហើយនៅក្នុងអំឡុងឆ្នាំ២០១៩ អាជ្ញាធរស្រុក និងខេត្ត បានដាក់សំណើសុំអនុប្បយោគពីរាជរដ្ឋាភិបាល ដោយសុំកាត់ដីតំបន់វាលស្រង៉ែនេះដែលមានចំនួនជាង ១,១០០ហិកតា ចែកជូនប្រជាពលរដ្ឋក្នុងឃុំផ្លូវទូក ដែលទើបបម្លាស់ទីផ្ទះបណ្ដែតទឹក ទៅរស់នៅលើគោក សម្រាប់ធ្វើស្រែ-ចំការ តែមកដល់ពេលនេះ អនុប្បយោគមិនទាន់បានធ្លាក់មកនៅឡើយ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN









