ភ្នំពេញ ៖ មនុស្សចំនួន ២១នាក់ នៅរាជធានីភ្នំពេញប្រឈម នឹងការបញ្ជូនទៅតុលាការ ដោយសារតែល្មើសបម្រាមគោចរ កាលពីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១។ ខណៈពេលនេះ សមត្ថកិច្ចកំពុងតែរង់ចាំ បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងអភិបាលរាជធានីភ្នំពេញ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកសាន សុខសីហា បានបញ្ជាក់នៅព្រឹកថ្ងៃទី៤ ខែសីហានេះថា អត់មានទេការអប់រំណែនាំ គឺមានតែការផាកពិន័យ ហើយបើធ្ងន់ធ្ងរនឹងរៀបចំចំណុំរឿងបញ្ជូនទៅតុលាការ។
អ្នកនាំពាក្យបានមានប្រសាសន៍សង្កត់ធ្ងន់ថា លែងមានការអប់រំ ណែនាំ ទៀតហើយ ចំពោះអ្នកដែលល្មើសបម្រាមគោចរ គឺចាប់ពីយប់ថ្ងៃទី៣ ខែសីហា នេះតទៅ អ្នកដែលល្មើសបម្រាម ជួបជុំផឹកស៊ី និងម្ចាស់ហាងបើកហាងផឹកស៊ី គឺនឹងត្រូវចាប់វ៉ៃខ្នោះតែម្តងដោយមិនមានការលើកលែងនោះទេ។
ការដាក់នៅវិធានការតឹងរ៉ឹងនេះ គឺដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូវីដ១៩ប្រភេទថ្មី ដែលតា ( Delta ) ដែលកំពុងតែមានវត្តមាននៅកម្ពុជា និងកំពុងឆ្លងរាលដាល ហេតុសូមប្រជាពលរដ្ឋ ចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសចូលរួមអនុវត្តបម្រាមគោចរចាប់ពីថ្ងៃទី២៩ កក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលលរាជធានីភ្នំពេញ លោកសាន សុខសីហា បានថ្លែងបញ្ជាក់ថា “អនុវត្តតាមការណែនាំ របស់ឯកឧត្តមឯកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាប់ពីយប់ថ្ងៃទី៣ ខែសីហា នេះតទៅ អត់មានវិធានការណែនាំអប់រំទៀតទេ គឺអ្នកដែលល្មើស ហាងដែលល្មើស និងអ្នកដែលលល្មើសបម្រាមគោចរ អ្នកដែលជួបជុំផឹកស៊ី បើកហាងផ្សេងៗ ត្រូវវ៉ៃខ្នោះគឺត្រូវវ៉ៃខ្នោះតែម្តង និងត្រូវចាប់ខ្លួនយកមកតែម្តង អត់មានការអប់រំណែនាំទៀតទេ និងត្រូវធ្វើឲ្យតឹងរ៉ឹងបំផុត”។
លោកសាន សុខសីហា បានមានប្រសាសន៍បន្តថា ទាក់ទងការអនុវត្តបម្រាមគោចរ នៅក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៩ ខែកក្កដា មកដល់ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ២១នាក់ ។ ឃាត់យានយន្តល្មើសចំនួន ១២០៥គ្រឿង ក្នុងនោះរថយន្តចំនួន ៣៤៥គ្រឿង និងម៉ូតូចំនួន ៨៨០គ្រឿង ។ ផាកពិន័យរថយន្តចំនួន ៨៣គ្រឿង និងម៉ូតូចំនួន ២២៨គ្រឿង។ ចំពោះការអប់រំណែនាំមានចំនួន ១៤០៩នាក់ (ស្រី ២៨០នាក់) ។ ចំណែករថយន្តដែលយកទៅរក្សាទុកចំនួន ៥៧គ្រឿង និងម៉ូតូចំនួន ២២៩គ្រឿង៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ



