ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែសីហាឆ្នាំ២០២១ ម្សិលមិញ បានសម្រេចធ្វើការប្រកាសសាលក្រម ផ្តន្ទាទោស លើជនជាប់ចោទឈ្មោះ សឿន ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារកំណត់ អស់មួយជីវិត និងពិន័យជាប្រាក់៨០លានរៀលបង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ. រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាង៣គីឡូ។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២០និង៤៥នាទី កម្លាំងជំនាញ (ក៨) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ វ៉ាន់ កុសល នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួល ពីលោក សឿង មុនីរ័ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបករណីគ្រឿងញៀននេះ នៅ ចំណុចបណ្តោយផ្លូវបេតុង ក្បែររង្វង់ មូលនាងមច្ឆា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ( ករណីជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីប្រទេសឡាវ មកកម្ពុជា)។
សូមជម្រាបថា សមត្ថកិច្ចឃាត់ខ្លួនបាន ឈ្មោះ សឿន ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ និងដកហូត វត្ថុតាងចាប់យកបាន គ្រឿងញៀន សរុប ៣១១១.០៧ក្រាម, សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ៣១១០ក្រាម អ៉ិចស្តាស៊ី(MDMA)ទម្ងន់ ១.០៧ក្រាម ជញីងថ្លឹងគ្រឿងញៀន០១គ្រឿង៕ រក្សាសិទ្ធិដោយ៖ជំនោ


