Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ផ្តល់បាឋកថា លើប្រធានបទស្តីពី “គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យា” ជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញផ្តល់បាឋកថា តាមប្រព័ន្ធសន្និសីទវីដេអូ (Zoom) និង Microsoft Team លើប្រធានបទស្តីពី « គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យា » ជូនដល់ សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១១ សិស្សមន្ត្រីក្រមការជំនាន់ទី៩ កម្មសិក្សាការីឆ្នាំ២០២១ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃសាលាភូមិន្ទរដ្ឋបាល សរុបចំនួនប្រមាណ ១១៥៥ អង្គ/នាក់ ដែលអញ្ជើញមកពីក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

តាមរយៈមតិស្វាគមន៍របស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានលើកឡើងថា ការចូលរួមចំណែករបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការផ្តល់បាឋកថានាពេលនេះ ជាសកម្មភាពដ៏ថ្លៃថ្លាដើម្បីជួយជំរុញ និងពង្រឹងដំណើរការបណ្តុះបណ្តាល នៃសាលាភូមិន្ទរដ្ឋបាល ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងស្របតាមការវិវត្តថ្មីៗរបស់សង្គមផ្អែក លើគោលនយោបាយ នៃការអនុវត្តធនធានមនុស្ស ក្នុងរដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងក្នុងពិធីបាឋកថានាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបង្ហាញជូនអំពីជោគជ័យ នៃការងារកំណែទម្រង់ ការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យប្រៃសណីយ៍, ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្នុងរយៈពេល១៦ខែ នៃការចូលកាន់តំណែងជារដ្ឋមន្ត្រី។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ អំពីការងារបន្ថែមជាច្រើន ដែលក្រសួង នឹងត្រូវធ្វើការបន្តទៀត ដូចជាការពង្រឹងគុណភាព សេវាទូរសព្ទចល័ត ការធ្វើឱ្យសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើន នៃតម្រូវការប្រើប្រាស់។

ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីការវិវឌ្ឍ នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល និងការរៀបចំសេចក្ដីព្រាងគោលនយោបាយ រដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ ដែលនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ សម្រាប់ការផ្ដល់សាវាសាធារណ: ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

ឯកឧត្តមរដ្ឋមន្ត្រី សង្ឈឹមថាកម្មវិធីនៅថ្ងៃនេះ នឹងផ្តល់ជាពុទ្ធិ ដើម្បីជួយពង្រឹងសមត្ថភាព កម្មសិក្សាការី សិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ បន្ថែមលើការងារកែទម្រង់ និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×