ភ្នុំពេញ ÷ មានការភ្ញាក់ផ្អើលទាំងយប់ ដោយពលរដ្ឋបានមកទិញថ្នាំក៏ប្រទះឃើញសពរបស់ វេជ្ជបណ្ឌិតឈ្មោះមាស ឈុនលាភ ដែលតែងតែលក់ថ្នាំឲ្យគាត់សព្វថ្ងៃ បានដេកស្លាប់នៅក្នុងបន្ទប់ជួល នៅពុំទាន់ដឹងពីមូលហេតុ ពិតប្រាកដនៅឡើយ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ចំណុចជិតវត្តតាំងកសាំង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពមានឈ្មោះ មាស ឈុនលាភ មុខរបរធ្វើពេទ្យមានស្រុកកំណើតនៅខេត្តព្រៃវែង។

ប្រភពព័ត៌មានពីអ្នកមីងម្នាក់ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់តែងតែឃើញជនរងគ្រោះ បើកទ្វារចេញមកក្រៅលក់ថ្នាំ និងទៅទិញបន្លែជារៀងរាល់ថ្ងៃ ក្រោយមកគាត់ក៏នាំគ្នាឆ្ងល់ថា រយៈពេល២ថ្ងៃនេះ អត់បានឃើញលោកគ្រូពេទ្យបើកទ្វារ ចេញមកក្រៅលក់ថ្នាំនោះទេ បន្ទាប់មកដល់ថ្ងៃកើតហេតុខាងលើ បានបងប្អូនពលរដ្ឋចូលមកទិញថ្នាំ ហើយអើតមើលទៅ ស្រាប់តែឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ រួចក៏បានរាយការណ៍ ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់យកខ្សែព័ទ្ធជុំវិញកន្លែងកើតហេតុ រួចក៏បានទំនាក់ទំនងទៅក្រុមគ្រូពេទ្យ ឲ្យចុះមកពិនិត្យសំណាកលើសពភ្លាមៗ បន្ទាប់ពីក្រុមគ្រូពេទ្យពិនិត្យរួចមក ដោយបញ្ជាក់ពីគ្រូពេទ្យ សពជនរងគ្រោះគឺមានវិជ្ជមានកូវីដ១៩បញ្ជាក់សពនៅពុំទាន់បញ្ជាក់ ពីសមត្ថកិច្ចស្លាប់ដោយសារអ្វីឲ្យពិតប្រាកដនោះទេ ៕ រក្សាសិទ្ធិដោយ៖សា មេត



