Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសាធារណការ កំពុងព្រាងវិសោធនកម្ម មាត្រាមួយចំនួន នៃច្បាប់ចរាចរណ៍ផ្លូវគោក ស្នើសម្ដេចក្រឡាហោម ស ខេង

ភ្នំពេញ ៖ ក្រុមការងារជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធ បានបង្ហាញឆន្ទៈរួមក្នុងការស្នើសុំគោលការណ៍ឯកភាពពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក លើមាត្រាមួយចំនួនឡើវិញ ដើម្បីឲ្យសមស្របទៅនឹងការរីកចម្រើនថ្មីនៃបណ្ដាញផ្លូវថ្នល់។

សូមបញ្ជាក់ថា ការស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក លើមាត្រាមួយចំនួននេះ ផ្ដើមឡើងក្នុងកិច្ចប្រជុំពិភាក្សាមួយដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូអនឡាញ គឺពិភាក្សាលើការប្រមូលធាតុចូល ធាតុផ្សំ ក៏ដូចជាកែសម្រួលអត្ថន័យពាក្យពេចន៍ ឃ្លាប្រយោគ អក្ខរាវិរុទ្ធនៃសេចក្តីព្រាងវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ សំដៅឱ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ ទាំងអស់គោរពច្បាប់ចរាចរណ៍ ឱ្យបានម៉ឺងម៉ាត់ និងឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យមកនៅកម្រិតទាបបំផុត ព្រមទាំងថែទាំផ្លូវថ្នល់បានយូរអង្វែងទៀតផង។

វិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកលើមាត្រាមួយចំនួននេះ បានឆ្លងកាត់ការសិក្សា និងប្រជុំពិភាក្សា យ៉ាងផុលផុសពីសំណាក់ក្រុមការងារជំនាញសរុបចំនួន ១៧លើករួចមកហើយ គិតចាប់ពី ខែឧសភា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ និងកិច្ចប្រជុំពិភាក្សាចំនួន ២លើកបន្ថែមទៀត ដែលដឹកនាំដោយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ជុំវិញវិសោធនកម្មមាត្រាមួយចំនួនលើច្បាប់ចរាចរណ៍នេះទៀតសោត អង្គប្រជុំបានពិភាក្សាលើវាក្យសព្ទ មាត្រាកែសម្រួលថ្មី និងមាត្រាបន្ថែមថ្មី នៃសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានឯកភាព បញ្ចូលការកំណត់ល្បឿនបើកបរនៅលើផ្លូវល្បឿនលឿន ចូលទៅក្នុងអនុក្រឹត្យស្តីពីការកំណត់ល្បឿនមុន ដាក់ដំណើរការផ្លូវល្បឿនលឿនផងដែរ។ មានមាត្រាចំនួន៤៨ ក្នុងចំណោម ៩២មាត្រា ត្រូវបានព្រាងធ្វើវិសោធនកម្ម, ហើយអង្គប្រជុំបានឯកភាពរៀបចំចងក្រងខ្លឹមសារ កែសម្រួលពាក្យពេចន៍ ឃ្លា ប្រយោគនៃវិសោធនកម្មមាត្រាខ្លះនៃច្បាប់នេះ ឱ្យបានច្បាស់លាស់ ដើម្បីគោរពស្នើសុំ គោលការណ៍ឯកភាពពីសម្តេចក្រឡាហោម ស ខេង។

គួរបញ្ជាក់ថា កិច្ចប្រជុំពិភាក្សា ពិនិត្យដែលបានធ្វើឡើងនាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ គឺដឹកនាំដោយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដោយមានការចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយពី ថ្នាក់ដឹកនាំក្រសួងសាធារណការ, ស្ថាប័នពាក់ព័ន្ធរួមមាន លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌, នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងមន្ត្រីជំនាញភាគីពាក់ព័ន្ធជាច្រើនទៀត៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×