បាត់ដំបង ៖ អាជ្ញាធរខេត្តបាត់ដំបង នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ បានប្រកាសព័ត៌មាន ឱ្យដឹងថា ក្រុមគ្រូពេទ្យជំនាញ បានរកឃើញអ្នកឆ្លងកូវីដ-១៩ លោតខ្ពស់ដល់ទៅចំនួន ១៣៤នាក់ថែមទៀត ប៉ុន្តែក៏ត្រូវបានព្យាបាល ឲ្យជាព្រមទាំងជាសះស្បើយឡើងវិញ ចំនួន ៨០នាក់ផងដែរ។

ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ-១៩មក អាជ្ញាធរខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៣,៨២១នាក់ , ព្យាបាលជាសះស្បើយចំនួន ២,២៣១នាក់, ស្លាប់ចំនួន ៤៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១,៥៤៥ នាក់។
គួរបញ្ជាក់ថា ថ្មីៗនេះ អាជ្ញាធរខេត្តបាត់ដំបង បានដាក់ចេញវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្រខេត្ត ជា ៣ តំបន់ ដោយបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» សម្រាប់រយៈពេល ៧ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ខណៈជំងឺកូវីដ-១៩ ចាប់ផ្ដើមផ្ទុះឡើងកាន់តែមានកម្រិតខ្ពស់៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN








