ភ្នំពេញ ៖ កម្មករ-និយោជិត ចំនួន ១,៤៩៧នាក់ នៃរោងចក្រ សហគ្រាសទាំង ២៤ លើវិស័យកាត់ដេរ និងវិស័យទេសចរណ៍ អាចបើកប្រាក់ឧបត្ថម្ភបានជាបន្តទៀតហើយនាពេលនេះ បន្ទាប់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៦៥ ជូនដល់ពួកគេ។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជម្រាបជូនថា របៀបបើកប្រាក់ឧបត្ថម្ភ គឺធនាគារឯកទេសវីង នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាលទៅកាន់លេខទូរស័ព្ទ ដែលកម្មករ-និយោជិតបាន ផ្តល់មកឱ្យក្រសួង តាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក , ហើយដើម្បីបើកប្រាក់ឧបត្ថម្ភនេះបាន កម្មករ-និយោជិត ត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរស័ព្ទដែលទទួល បានសារនោះ ទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។ រីឯប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងាររបស់កម្មករ-និយោជិត។ ក្នុងរយៈពេល ១០ថ្ងៃ ប្រសិនបើ កម្មករ-និយោជិត ខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះទេ ធនាគារ វីង (ខេមបូឌា) ម.ក នឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរាជរដ្ឋាភិបាលវិញ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN










