Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរណាស់! លោកតាវ័យ៩៣ឆ្នាំ ជិះកង់ទៅរកទិញនំហូប ត្រូវបានម៉ូតូបុកស្លាប់

ភ្នំពេញ ៖ ពិតជារន្ធត់ណាស់ លោកតាវ័យ ៩៣ឆ្នាំម្នាក់ជិះកង់ទៅទិញនំហូប អកុសល ត្រូវបានម៉ូតូសង់សេ១២៥ ជិះដោយបុរសម្នាក់ ក្នុងល្បឿនលឿនមិនប្រយ័ត្ន បុកកង់លោកតា ពេញទំហឹង ស្លាប់ភ្លាមៗមួយរំពេចតែម្តង កាលពីវេលាម៉ោង ៨ និង៣០នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្លូវ៥០ម៉ែត្រ ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា លោកតា ខាងលើ មានឈ្មោះ ប៉េល ប៉ាត់ អាយុ៩៣ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។ ចំណែកអ្នកបើកបរម៉ូតូត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ លោកតា ខាងលើ ជិះកង់មួយគ្រឿង ក្នុងបំណងទៅទិញនំហូប ខណៈកំពុងធាក់កង់ត្រុកៗ ត្រូវឆ្លងពីកើតទៅលិច មិនទាន់បានទិញនំហូបផង ស្រាប់តែមានម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1I- 1343 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន បញ្ច្រាសទិសគ្នា មកបុកកង់លោកតាពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង ។ ចំណែកឯអ្នកបើកបរនោះ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនអ្នកបើកបរយកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃស ដើម្បីសាកសួរ និងវាស់វែង យកកង់ និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ រក្សាសិទ្ធិដោយ៖សួង សាម

×