ភ្នំពេញ ៖ នៅទីបំផុតតារាចម្រៀងវ័យក្មេងនាង វីរ និច្ច បានរកម្ចាស់បេះដូងឃើញហើយ បន្ទាប់ពីនាងបានចូលប្រឡូកក្នុងវិស័យសិល្បៈប៉ុន្មានឆ្នាំមកនេះ។ រូបភាពជាច្រើនសន្លឹកបានបង្ហោះ តាមបណ្តាញសង្គមហ្វេសប៊ុក ពីអនាគតស្វាមីរបស់តារាចម្រៀងស្រីរូបនេះ ដែលបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

តាមការសង្កេតតាមរយៈរូបភាពដែលបានបង្ហោះពិធីនេះ គឺអាចគ្រាន់ជាពិធីចូលចែចូវ សម្រាប់ឲ្យចាស់ទុំដឹងឮជាមុនសិនប៉ុណ្ណោះ ខណៈពេលពិធីភ្ជាប់ពាក្យ ឬមង្គលការ អាចនឹងកើតមានឡើងនាពេលខាងមុខ។
ដោយមិនបញ្ជាក់អ្វីច្រើនអនាគតស្វាមីរបស់ វីរ និច្ច ដែលមានឈ្មោះក្នុងហ្វេសប៊ុកថា Kheiv Pich ll បានបង្ហោះភ្ជាប់ជាមួយរូបភាពថា អរគុណប៉ាម៉ាក់ និងគ្រួសារទាំងសងខាង ដែលផ្តល់ថ្ងៃនេះឲ្យកូន។
តាមរយៈសារនិងរូបភាពទាំងអស់នេះ អាចបញ្ជាក់យ៉ាងច្បាស់ថា តារាចម្រៀង វីរ និច្ច ពិតជាត្រូវបានគេចូលចែចូវស្តីដណ្តឹងប្រាកដមែន ព្រោះគេឃើញមានការជួបជុំជាលក្ខណៈគ្រួសារ និងចាស់ទុំទាំងសងខាង។ អ្វីដែលចាប់អារម្មណ៍ទៀតនោះ គេក៏ឃើញវត្តមានរបស់តារាចម្រៀងលោក ខាត់ ជេមន៍ ជាត្រូវជាពូរបស់ វីរ និច្ច នោះក៏បានចូលរួមផងដែរ។

យ៉ាងណា បើទោះបីជាមិនទាន់មានការអះអាងណាពីកញ្ញា វីរ និច្ច ក៏ប៉ុន្តែដំណឹងនេះ បានធ្វើឲ្យមិត្តភក្តិ និងប្រិយមិត្តគាំទ្ររបស់នាងជាច្រើន បាននាំគ្នាចូលរួមសម្តែងការអបអរសាទរ ចំពោះថ្ងៃដ៏ពិសេសរបស់នាងនាពេលនេះ។
គួបញ្ជាក់ថា តារាចម្រៀង វីរ និច្ច បានចូលប្រឡូកក្នុងវិស័យសិល្បៈចម្រៀង ក្នុងផលិតកម្មសាន់ដេរ ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុណ្ណោះតាមរយៈពូរបស់នាងគឺលោក ខាត់ ជេមន៍។
បើទោះបីជាចូលប្រឡូកសិល្បៈចម្រៀងរយៈពេលខ្លីក៏ដោយ ប៉ុន្តែនាងក៏មានឈ្មោះបោះសំឡេងល្បីគួសម តាមរយៈបទចម្រៀង ការតុបតែងខ្លួន និងក្បាច់រាំប្លែកៗ។
ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងទេថា ក្រោយពី វីរ និច្ច ស្វែងរកម្ចាស់បេះដូង ហើយត្រៀមចូលរោងការ នាពេលខាងមុខហើយនោះ នាងអាចនឹងបន្តអាជីពចម្រៀង របស់នាងទៀតឬយ៉ាងណាឡើយ៕ រក្សាសិទ្ធិដោយ៖សំណាង SV












