ភ្នំពេញ ៖ បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញនៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានឲ្យដឹងថា សម្រាប់ប្រតិបត្តិការរបស់សមត្ថកិច្ចទៅលើបទល្មើសផ្សេងៗ មិនគោរពវិធានការរដ្ឋបាល និងបម្រាមគោចររបស់អាជ្ញាធររាជធានីភ្នំពេញ នាយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ច បានអនុវត្តឃាត់យានយន្ដ ចំនួន ១២១គ្រឿង ក្នុងនោះរថយន្ត ៣៩គ្រឿង និងម៉ូតូ ៨២គ្រឿង , ហើយក៏បានឃាត់ខ្លួនមនុស្ស ១៦នាក់ផងដែរ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី០៥ ខែសីហា ថា សម្រាប់ការអនុវត្តវិធានការ និងបម្រាមគោចរនេះដែរ ក្រៅពីយានយន្ត កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ១៦នាក់ ល្មើសនឹងបម្រាម, ដែលនេះជាការឆ្លើយតបទៅនឹងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញបម្រាមគោចរ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣និង៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក សាន សុខសីហា និយាយថា ទោះជាយ៉ាងណា សមត្ថកិច្ចបានប្រើប្រាស់យន្តការផាកពិន័យ អប់រំ និងរក្សាទុកយានយន្ត, ចំពោះម្ចាស់យានយន្ត ដែលល្មើសនឹហបម្រាមគោចរនេះ រហូតដល់ថ្នាក់រឹងរូស ឬរឹងទទឹង នឹងត្រូវឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ គិតរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ បានឃាត់យានយន្តសរុប ចំនួន ១,៣២៦គ្រឿង ក្នុងនោះរថយន្ត ៣៨៤គ្រឿង និងម៉ូតូ ៩៤២គ្រឿង រក្សាទុក ដើម្បីធ្វើការដោះស្រាយតាមច្បាប់។

គួររំលឹកផងដែរថា កាលពីម្សិលមិញ មនុស្សចំនួន ១៨នាក់ ក្នុងចំណោមមនុស្សចំនួន ២២នាក់ ដែលល្មើសនឹងវិធានការរដ្ឋបាល និងបម្រាមគោចរ របស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅកាន់តុលាការរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីដាក់បន្ទុកលើបទល្មើសរបស់ពួកគេ។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់់ថា គ្រាដែលអនុវត្តវិធានការរដ្ឋបាល និងបម្រាមគោចរនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ២២នាក់ ក្នុងនោះ ១៦នាក់ នៅខណ្ឌជ្រោយចង្វារ ដែលល្មើសនឹងបម្រាមគោចរ និងមានជាតិស្រវឹង, នៅខណ្ឌកំបូល ១នាក់ ជេរប្រមាថសមត្ថកិច្ច, ខណ្ឌទួលគោក ១នាក់ ផឹកស៊ីស្រវឹងល្មើសនឹងបម្រាមគោចរ និងមនុស្ស ៣នាក់ទៀត ត្រូវបានឃាត់ខ្លួននៅខណ្ឌពោធិ៍សែន ដែលជួបជុំផឹកស៊ីល្មើសនឹងបម្រាម។ ក្នុងចំណោមនេះទៀតសោត មាន ១នាក់ ត្រូវបានពិន័យជាប្រាក់ចំនួន ៥លានរៀល និងមនុស្សចំនួន ៣នាក់ ត្រូវបានណែនាំអប់រំ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN













