ភ្នំពេញ ៖ អ្នកតំណាងមកពីស្ថាប័នណូវែលហ្សេឡង់ជាង ១៤ បានចូលរួមក្នុងពិព័រណ៍ពីការសិក្សានៅណូវែលហ្សេឡង់នៅរាជធានីភ្នំពេញប្រទេសកម្ពុជាកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៨ ដើម្បីជួបផ្ទាល់ពិភាក្សាពីជម្រើសសិក្សាជាមួយសិស្សនិស្សិតកម្ពុជានិងឪពុកម្តាយរបស់ពួកគេ។
មានសិស្សនិស្សិតនិងមាតាបិតាសរុបជាង ៣៨៥ នាក់បានចូលរួមក្នុងកម្មវិធីមួយថ្ងៃនេះដែលបានរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។
កម្មវិធីនេះនៅតែបន្តជាវេទិកាដ៏ល្អបំផុតសម្រាប់សិស្សនិស្សិតកម្ពុជានិងឪពុកម្តាយរបស់ពួកគេដើម្បីជួបផ្ទាល់ជាមួយ សាលារៀន សាកលវិទ្យាល័យ និងអ្នកផ្តល់ការអប់រំ នៅទូទាំងប្រទេសណូវែលហ្សេឡង់។ ស្ថាប័នដែលចូលរួមបានផ្តល់ជម្រើសសិក្សាពីវិទ្យាល័យ ថ្នាក់បចេ្ចកទេស និងក្រោយឧត្តមសិក្សា។ សិស្សនិស្សិតនិងមាតាបិតារបស់ពួកគេត្រូវបានអញ្ជើញឱ្យចូលរួមដើម្បីស្វែងរកព័ត៌មានបន្ថែមស្តីពីជម្រើសសិក្សានិងដំណើរការនៃការដាក់ពាក្យនៅពិព៍ណ៍សិក្សានេះដោយឥតគិតថ្លៃ។
“ខ្ញុំចង់សិក្សានៅប្រទេសណូវែលហ្សេឡង់ ពីព្រោះប្រទេសនេះគឺជាប្រទេសមួយដ៏ស្រស់ស្អាតក្នុងចំណោមប្រទេសដទៃទៀតនៅលើពិភពលោក ហើយវិស័យអប់រំនៅទីនោះ មានភាពរីកចម្រើនយ៉ាងខ្លាំងក្លា” កញ្ញា រស់ ស្រីមុំ និស្សិតឆ្នាំ៤ ផ្នែកទេសចរណ៍ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។
ការចូលរួមជាមួយស្ថាប័នណូវែលហ្សេឡង់ក្នុងការតាំងពិព័រណ៍នេះ មានអ្នកតំណាងមកពីមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការអប់រំ (ACE) ដើម្បីពិភាក្សាអំពីឱកាសសិក្សាភាសាអង់គ្លេសដើម្បីបំពេញតាមតម្រូវការរបស់ស្ថាប័នអប់រំណូវែលហ្សេឡង់ផងដែរ។ អ្នកតំណាងមកពីមជ្ឈមណ្ឌលប្រឡងតេស្តអន្តរជាតិ IELTS កម្ពុជាក៏បានចូលរួមផ្តល់ប្រឹក្សាអំពីការចុះឈ្មោះនិងការធ្វើតេស្តផងដែរ។
លោកស្រេង ម៉ៅនាយកស្ថាប័ន IDP ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា “នេះគឺជាឱកាសតែមួយគត់សម្រាប់សិស្សនិស្សិតកម្ពុជាដែលមានគម្រោងសិក្សានៅបរទេស” លោកបានបន្ថែមផងដែរថា “ដោយយោងតាមសមាហរណកម្មសេដ្ឋកិច្ចអាស៊ានការ ទទួលបានការអប់រំអន្តរជាតិអាចជាទ្រព្យសម្បត្តិមួយដ៏មានឥទ្ធិពលបំផុតសម្រាប់ប្រជាជនកម្ពុជាក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារ។ ដូចនេះប្រជាពលរដ្ឋកម្ពុជាដែលមានចំនួនកាន់តែច្រើនឡើង កំពុងជ្រើសរើសយកការសិក្សានៅក្រៅប្រទេសក្នុងផែនការអប់រំរបស់ពួកគេដោយជឿជាក់ថានេះនឹងធានាលើការប្រកួតប្រជែងសម្រាប់អាជីពរបស់ពួកគេនាពេលអនាគត”។ ប្រទេសណូវែលហ្សេឡង់កំពុងក្លាយជាជម្រើសដ៏មានប្រជាប្រិយភាពមួយ ដោយសារមានសិស្សនិស្សិតកម្ពុជារាប់រយនាក់ ជ្រើសរើសទៅសិក្សានៅទីនោះ ជារៀងរាល់ឆ្នាំ។
“នេះមិនមែនជាលើកទីមួយទេដែលពួកយើងមកចូលរួមកម្មវិធីនេះ។ ពួកយើងធ្លាប់មកចូលរួមប៉ុន្មានឆ្នាំជាប់គ្នាមកហើយ ហើយថ្ងៃនេះខ្ញុំមកទីនេះដើម្បីផ្តល់ព័ត៌មានទាក់ទងនឹងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យរបស់ពួកយើងដូចជា ផ្នែកគ្រប់គ្រង ផ្នែកជំនួញ ផ្នែកវិស្វកម្ម ផ្នែកអប់រំ ផ្នែកបដិសណ្ឋារកិច្ចនិងទេសចរណ៍។ ពួកយើងក៏ផ្តល់ដំបូន្មានទៅលើមូលហេតុដែល សិស្ស និស្សិតកម្ពុជា គួរតែជ្រើសរើសទៅសិក្សានៅប្រទេសណូវេលហ្សេឡង់ និង អត្ថប្រយោជន៍ដែលសិស្ស និស្សិតទទួលបានក្រោយបញ្ចប់ការសិក្សានៅទីនោះ” លោកស្រី Nguyen Thi Lam Giang អ្នកតំណាងមកពី សាកលវិទ្យាល័យ Waikato ។
ប្រធានផ្នែកទំនាក់ទំនងសិស្ស និស្សិតទៅសិក្សានៅក្រៅប្រទេស លោក ឈាង វ៉ាន់តាក់ បានមានប្រសាសន៍ថា៖ “យើងផ្តល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់សេវាកម្មដ៏ល្អបំផុតសម្រាប់ សិស្សនិស្សិត និង អាណាព្យាបាល”។ លោកបានបន្តទៀតថា “នេះគឺជា ឱកាសដ៏កម្រសម្រាប់សិស្សានុសិស្ស និងអាណាព្យាបាល មកជួបអ្នកតំណាងសាលាមកពីប្រទេសណូវែលហ្សេឡង់ដោយឥតគិតថ្លៃ” ៕ ដោយ៖កូឡាប